បញ្ហាទូទៅនៅក្នុងសៀគ្វីអគ្គិសនីឡាន

ផ្ទុះសេ (shorts) គឺជាប្រភេទនៃកំហូច ដែលវាអាចកើតឡើង ប្រសិនបើចរន្តអគ្គិសនី រត់ឆ្លងកាត់ សៀគ្វីអគ្គិសនី ដែលមិនអាចឆ្លងកាត់ទៅ គ្រឿងទទួលអគ្គិសនី ហើយចរន្តបន្ត ស្វែងរកផ្លូវ ទៅម៉ាសដី (ground) ។ បាតុភូតនេះអាចកើតឡើង ដោយសារខ្សែភ្លើង ប៉ះទង្គិចជាមួយគែមវត្ថុស្រួច ហើយភ្ជាប់ទៅម៉ាសដី ឬក៏អ៊ីសូឡង់ខ្សែ ដាច់ទៅប៉ះគ្នា ដែលធ្វើឲ្យចរន្តអគ្គិសនី នៅក្នុងខ្សែភ្លើងមួយអាច រត់ទៅប៉ះចរន្តអគ្គិសនី នៅក្នុងខ្សែភ្លើងមួយទៀត ។ ការផ្ទុះសេចរន្តអគ្គិសនី អាចបណ្តាលឲ្យ ចរន្តរត់ចេញទៅក្រៅ ព្រោះ សៀគ្វីអគ្គិសនីត្រូវបាន កាត់បន្ថយរ៉េស៊ីស្តង់ ហើយវានឹងធ្វើឲ្យដាច់ខ្សែភ្លើង ដោយសារកំដៅ កើនឡើងខ្លាំង ដែលវាអាចធ្វើ ឲ្យអ៊ីសូឡង់ខ្សែ ឆាបឆេះឡើង ។ ផ្ទុះសេចរន្តអគ្គិសនី ជាធម្មតាវានឹង បណ្តាលឲ្យសៀគ្វីដាច់ហ្វុយស៊ីប (blown fuse) ។
ចំនាំ ៖ ប្រសិនបើសៀគ្វីមួយដាច់ហ្វុយស៊ីប ហើយហ្វុយស៊ីប ដែលទើបធ្វើការផ្លាស់ប្តូរ ត្រូវបានដាច់ភ្លាមៗ មានន័យថាសៀគ្វីនោះ មានការឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង ។
- ការឆ្លងចរន្តអគ្គិសនី (intermittent shorts) អាចកើតមានឡើងនៅពេលដែល ខ្សែភ្លើងប៉ះទង្គិចគ្នា ជាលទ្ធិផលដោយសារ សីតុណ្ហភាពកើនឡើង ដែលលោហៈ នៅក្នុងខ្សែចម្លង រីកមាឌ ហើយប៉ះគ្នា ឬ ក៏ដោយសារ រំញ័រពីប្រព័ន្ធម៉ាស៊ីន ។ ដើម្បីស្វែងរក កន្លែងដែលឆ្លងចរន្ត ឬ ផ្ទុះសេ នៅក្នុងឡាន គឺជារឿងពិបាក ។ ខ្សែភ្លើងដែលស្ថិតនៅ ទីតាំងមានចលនា និងផ្នែកកម្រើក ការបាញ់ខ្យល់ក្តៅ ទៅលើខ្សែគឺជារឿងចាំបាច់ ក្នុងការភ្ជិតអ៊ីសូឡង់ខ្សែឡើងវិញ ដើម្បីការពារ ការឆ្លងចរន្តអគ្គិសនី ។ ការឆ្លងចរន្ត អាចជួសជុលបាន ដោយរុំបង់ស្អិតប្លាស្ទិច លើខ្សែភ្លើង ឬផ្លាស់ប្តូរខ្សែថ្មី ។
- ការដាច់ចរន្តអគ្គិសនី (opens circuit) គឺជាប្រភេទនៃ កំហូចមួយដែលអាចមាន នៅក្នុងសៀគ្វីអគ្គិសនី ។ ការដាច់ចរន្ត គឺមានន័យថា ខ្សែភ្លើងដាច់ដែលមិនអាច ធ្វើឲ្យចរន្តរត់ឆ្លងកាត់ ឬ គ្រឿងទទួលអគ្គិសនីខូច ។ ការដាច់ចរន្ត មិនធ្វើឲ្យដាច់ ហ្វុយស៊ីបទេ ប៉ុន្តែវាធ្វើឲ្យសៀគ្វី ឬ គ្រឿងទទួលអគ្គិសនី មិនដំណើរការ ។ ការដាច់ចរន្ត កើតឡើងនៅពេល មានខ្សែភ្លើងដាច់ (wire breaks), ឆ្នុកភ្លើងខូច ឬរបូត, មានការច្រេះស៊ី នៃផ្នែកខាងក្នុងឆ្នុកអេឡិចត្រូនិច ដែលវាធ្វើឲ្យ រ៉េស៊ីស្តង់ខ្សែ កាន់ឡើង នឹងបន្តទៅធ្វើឲ្យចរន្ត អគ្គិសនីពិបាកឆ្លងកាត់ ។
- ការផ្ទុកចរន្តអគ្គិសនីលើសកម្រិត (overloads) គឺស្ថានភាពមួយ ដែលអាចកើតឡើង នៅក្នុងសៀគ្វីអគ្គិសនី នៅពេលដែល ម៉ូទ័រអគ្គិសនី ឬ គ្រឿងអគ្គិសនី មួយចំនួន ទទួលលក្ខខណ្ឌ័ដំណើរការ មិនប្រក្រតី ដែលបង្កឲ្យចរន្តអគ្គិសនីកើន ឡើង លើសតំរូវការ ។ ជាឧទាហរណ៍ ម៉ូទ័រផ្លិតទឹកកញ្ចក់ឡាន ត្រូវបានជាប់គាំង ដោយសារមានព្រិលធ្លាក់ខ្លាំង ពេលនោះ ម៉ូទ័រមានប្រតិបត្តិការមិនប្រក្រតី បណ្តាលឲ្យចរន្តអគ្គិសនី ផ្ទុកលើសកម្រិត ។ ការកើនឡើង ឬផ្ទុកចរន្តអគ្គិសនី លើសកម្រិត នៅក្នុងម៉ូទ័រអគ្គិសនី នឹងធ្វើឲ្យដាច់ហ្វុយស៊ីប ។
បញ្ហាទូទៅមួយចំនួននៅក្នុងសៀគ្វីអគ្គិសនីឡាន
បញ្ហាទូទៅដែលបង្កឲ្យមានកំហូចសៀគ្គីអគ្គិសនីឡានដូចជា មានខ្សែភ្លើងដាច់ ឬ ខ្សែអាគុយមានច្រេះ ឬដុះស្នឹម ។ ឆ្នុក និងដំណរខ្សែមិនល្អ វាធ្វើឲ្យអាគុយបញ្ចូន អាំងតង់ស៊ីតេចរន្តអគ្គិសនី មិនបានល្អ ទៅឲ្យគ្រឿងទទួលអគ្គិសនីរថយន្ត ។ និយាយត្រលប់មកវិញ គឺវាធ្វើឲ្យម៉ូទ័របញ្ឆេះឡាន (starter) មិនអាចបញ្ឆេះ ឬ បញ្ឆេះមិនស្រួល ។ ការដាច់ខ្សែ ឬរបូតខ្សែអាគុយ ឬដុះស្នឹម នៅប៉ូលអាគុយ អាចធ្វើឲ្យ អាល់ទែណាទ័រ (alternator) មិនអាចសាកអាគុយឲ្យពេញ ធ្វើឲ្យអាគុយអស់ថាមពល និងឆាប់ខូច ។

បញ្ហាផ្សេងទៀតមានដូចជា សៀគ្វីស្នប់ប្រេងឥន្ធនៈ (fuel pump circuit) មានខ្សែម៉ាសដីមិនល្អ (poor ground connection) ។ ពេលខ្សែភ្លើង មានអាយុចាស់ អាចធ្វើឲ្យដំណរខ្សែ ចម្លងចរន្តអគ្គិសនីមិនល្អ រ៉េស៊ីស្តង់ខ្សែកើនឡើង ធ្វើឲ្យចរន្តអគ្គិសនី ពិបាកឆ្លងកាត់សៀគ្វី របស់ស្នប់ប្រេង ។ បញ្ហានេះធ្វើឲ្យស្នប់ប្រេង មានដំណើរការមិន ប្រក្រតី បូមប្រេងឥន្ធនៈ យឺតជាងធម្មតា ដែលបង្កឲ្យ មាឌប្រេងឥន្ធនៈ និងសំពាធធ្លាក់ចុះ នឹងបន្តធ្វើឲ្យម៉ាស៊ីន បាត់បង់ថាមពល និងមានដំណើរការមិនស្រួល ។
ប្រភពថាមពលអគ្គិសនី ដែលមានតង់ស្យុងធ្លាក់ចុះ ឬប្រព័ន្ធសាកអាគុយ ផ្តល់តង់ស្យុង មិនគ្រប់គ្រាន់ បង្កឲ្យម៉ូឌុលបញ្ជា ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ របស់ឡាន (vehicle’s electronic control modules) ខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ម៉ូឌុលបញ្ជាអេឡិចត្រូនិច មួយចំនួន នឹងមានដំណើរការមិនប្រក្រតី ប្រសិនបើ វាមិនបានទទួលតង់ស្យុងគ្រប់ 12 V ពីប្រភពថាមពល (power supply) ។ និយាយត្រលប់មកវិញ វានឹងធ្វើឲ្យកំលាំងម៉ាស៊ីនធ្លាក់ចុះ (driveability problem) ។
សៀគ្វីអគ្គិសនីដុះស្នឹម ឬមានច្រេះ ដែលធ្វើឲ្យរ៉េស៊ីស្តង់កើនឡើង នៅក្នុងសៀគ្វី។ ភាពច្រេះ នៅក្នុងសៀគ្វីឡាន បណ្តាលមកពីសំណើម និងអុកស៊ីតកម្ម ដែលធ្វើឲ្យ ឆ្នុកអេឡិចត្រូនិច និងប៉ូលអគ្គិសនី (electrical connectors and terminals) ពិបាកចម្លង ចរន្តអគ្គិសនី នៅក្នុងប្រព័ន្ធអេឡិចត្រូនិចឡាន ។ នេះជាមូលហេតុ ដែលក្រុមហ៊ុន ផលិតរថយន្តមិនធានាលើ ប្រព័ន្ធអេឡិចត្រូនិច ជាមួយនឹងរថយន្ត ដែលបានលិចទឹក និង ការបើកបរក្នុងទឹកជំនន់ ។
រំញ័រក៏ជាបញ្ហាមួយ នៅក្នុងប្រព័ន្ធអេឡិចត្រូនិចរថយន្ត ។ ចលនារបស់បររថយន្ត លើផ្លូវរលាក់ខ្លាំង និងរំញ័រពីម៉ាស៊ីនចំហេះក្នុង ធ្វើឲ្យឆ្នុកអេឡិចត្រូនិច ភ្ជាប់ជាមួយ ខ្សែភ្លើង មិនអាចចម្លងចរន្តអគ្គិសនីបានល្អ ។ ក្នុងរយៈពេលយូទៅៗ រំញ័រនឹងធ្វើឲ្យសៀគ្វី និងឆ្នុកអេឡចត្រូនិច មានបញ្ហាដោយសារ ការរលុង និងការដាច់ចរន្តអគ្គិសនី ។
ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ
តង់ស្យុងអគ្គិសនីធ្លាក់ចុះ (voltage drop) កើតឡើងនៅពេល ចរន្តអគ្គិសនី រត់ឆ្លងកាត់ គ្រឿងទទួលនៅក្នុងសៀគ្វី ។ រ៉េស៊ីស្តង់កើតឡើងដោយសារ ឧបករណ៍អគ្គិសនី ធ្វើឲ្យតំលៃតង់ស្យុងធ្លាក់ចុះ ដែលវាអាចគណនា បានដោយរូបមន្តច្បាប់អូម (Ohm Law) ប្រសិនបើអ្នកយល់អំពី រ៉េស៊ីស្តង់ នៃឧបករណ៍អគ្គិសនី និងលំហូរចរន្តអគ្គិសនី ។
VOLTAGE DROP = RESISTANCE x CURRENT
អ្នកអាចវាស់តំលៃតង់ស្យុងធ្លាក់ចុះ នៅក្នុងសៀគ្វី ឬឆ្លងកាត់ដំណរខ្សែចម្លង ដោយប្រើ វ៉ុលម៉ែតឌីជីថល (digital voltmeter) ។ ប៉ូលវ៉ុលម៉ែត (voltmeter’s leads) ត្រូវភ្ជាប់ជាមួយ ផ្នែកទាំងសងខាង នៃសៀគ្វីគ្រឿងទទួលអគ្គិសនី ។ ប្រសិនបើគ្រឿងទទួលអគ្គិសនីមាន ដាច់ចរន្ត ឬមានច្រេះស៊ី វានឹងបង្កើតរ៉េស៊ីស្តង់ នៅក្នុងសៀគ្វី ហើយវាទប់ស្កាត់ លំហូរចរន្តអគ្គិសនី ដែលបណ្តាលឲ្យ តំលៃតង់ស្យុង ធ្លាក់ចុះហួសប្រមាណ ។

តាមគោលការណ៍ តំលៃតង់ស្យុងធ្លាក់ចុះលើសពី 0.1 V ឆ្លងកាត់ដំណរសៀគ្វី ដែលមានតង់ស្យុងតូច ឬអាំងតង់ស៊ីតេចរន្តតូច មានន័យថាវាមានបញ្ហា ។ សៀគ្វីអគ្គិសនីទាំងឡាយណា ដែលទទួលយកតង់ស្យុង ឬអាំងតង់ស៊ីតេចរន្តធំ (តង់ស្យុងខាងក្រៅសៀគ្វី ក្នុងប្រពន្ធ័សាកអាគុយ) អាចអនុញ្ញាតឲ្យ មានតំលៃតង់ស្យុង ធ្លាក់ដល់ 0.5 V ប៉ុន្តែបើតំលៃនោះត្រឹម 0.1 V ឬតិចជាងនេះ គឺជារឿងដែលល្អបំផុត ។
ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ (voltage drop) គឺជាមធ្យោបាយ ដែលមានប្រសិទ្ធិភាព ដើម្បីបង្ហាញបញ្ជាក់បានយ៉ាងលឿន អំពីបញ្ហាផ្សេងៗ នៃប្រព័ន្ធសៀគ្វីអគ្គិសនីរថយន្ត ដូចជា ឆ្នុកអេឡិចត្រូនិច (ឌុយ) រលុង ឬរបូត ឬមានច្រេះ ឬមានបញ្ហាខ្សែភ្លើង និងកុងតាក់ផ្សេងៗ ។ល។
ដ្យាក្រាមខ្សែភ្លើង
រោងចក្រផលិតរថយន្ត បានបោះពុម្ពឯកសារ ដ្យាក្រាមខ្សែភ្លើង (wiring diagram) សម្រាប់ប្រភេទសៀគ្វីអគ្គិសនីទាំងអស់ របស់រថយន្ត ដែលពួកគេបានផលិត ។ ដ្យាក្រាមទាំងអស់នោះអាចទទួលបានពី វេបសាយបច្ចេកទេសឡានរបស់រោងចក្រ (Vehicle Manufacturer Technical Websites) ឬអាចរកបានពីប្រភពផ្សេងៗទៀត នៃសេវាកម្មក្រោយការលក់ (aftermarket) ដូចជា AlldataDIY អ្នកអាចត្រូវចំណាយ ថវិការបន្តិចបន្ទួច ដើម្បីទិញយកទិន្នន័យផ្សេងៗ ជាពិសេសដ្យាក្រាមខ្សែ ដែលវាជាផែនទីមួយ ដ៏មានប្រសិទ្ធិភាព ក្នុងការស្វែងរក កំហូចផ្សេងៗ នៃប្រព័ន្ធអេឡិចត្រូនិចឡាន ។ មានដ្យាក្រាមខ្សែភ្លើង អ្នកនឹងអាចរកកំហូចផ្សេងៗ នៃប្រព័ន្ធអេឡិចត្រូនិចឡាន បានយ៉ាងត្រឹមត្រូវ និងមានភាពងាយស្រួលជួសជុល ។

ដ្យាក្រាមខ្សែភ្លើង (wiring diagram) ប្រើសញ្ញា (symbols) ដើម្បីសម្គាល់សមាសភាគ នៃសៀគ្វីអគ្គិសនីនានា ។ សៀគ្វីមួយចំនួន ដែលដាច់ពីគ្នា ជាធម្មតាប្រើលេខ ដើម្បីសម្គាល់ (numbered) និងខ្សែភ្លើងទាំងអស់ ប្រើកូដពណ៌ (color-coded) ក្នុងការកំណត់ អត្តសញ្ញាណ ។ នៅពេលមាន កូដពីរពណ៌នៅក្នុងខ្សែភ្លើងតែមួយ មានន័យថា ខ្សែមានឆ្នូត ពីរពណ៌ ដើម្បីបញ្ជាក់ប្រភេទខ្សែ ។
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia