Relay

កុងតាក់បញ្ជាចរន្ត


មណ្ឌលថាមពល-2

តើរីឡែធ្វើការដូចម្ដេច ?

រីឡែ (relay) គឺជាប្រភេទកុងតាក់ ដែលប្រើចរន្តអគ្គិសនីតូច (small electrical current) ទៅបញ្ជាចរន្តធំ នៅក្នុងសៀគ្វីទី2 (second circuit) ។ រីឡែគឺជាផ្លូវបញ្ចូនថាមពលអគ្គសិនីទៅសៀគ្វី និងគ្រឿងទទួល នៅពេលគេ បញ្ជាឲ្យគ្រឿងអគ្គិសនីដំណើរការ ។

រីឡែ (relay) ត្រូវបានប្រើប្រាស់សម្រាប់ គ្រឿងបង្គុំអគ្គិសនី ដែលទទួលចរន្តធំ មានដូចជា ភ្លើងបំភ្លឺក្បាលឡាន (headlights), ឧបករណ៍កាត់អាប់កញ្ចក់ក្រោយឡាន (rear window defogger), ស្នប់ឥន្ធនៈ (fuel pump), ធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor clutch), កង្ហាររ៉ាដ្យាទ័រ (cooling fan), កង្ហារម៉ាស៊ីនត្រជាក់ (A/C blower fan), ប្រព័ន្ធការពារជាប់ហ្រ្វាំង (ABS system), សៀគ្វីបញ្ឆេះឡាន (ignition circuit), ថាមពលបើកបង្អួច កៅអី និងសំលេងត្រែ (power windows, seats and horn) ។

រីឡែ (relay) មានរាងជាប្រអប់ចតុកោណ ដែលស្រោបដោយជ័រប្លាស្ទិច ឬពេលខ្លះស្រោបដោយលោហៈ ។ នៅផ្នែកខាងក្នុងរីឡែមាន របុំម៉ាញ៉េទិច (magnet coil), ដៃភ្ជាប់ចរន្ត (armature) និងបន្ទះលោហៈចម្លងចរន្ត (contact points) ។ រីឡែ (relay) អាចមានជើងបួន ឬជើងប្រាំ (four or five spade terminals) នៅផ្នែកខាងក្រោម និងរីឡែស្រោបដោយជ័រអ៊ីសូឡង់ ដែលមានបិទប្លង់ខ្សែភ្លើង (simple wiring schematic) ឬបោះពុម្ពប្លង់ខ្សែភ្លើង ជាប់លើសំបករីឡែតែម្តង ។

នៅពេលតង់ស្យុងបញ្ចូនទៅ របុំផ្នែកខាងក្នុងរីឡែ របុំ (coil) នឹងបង្កើតដែន ម៉ាញ៉េទិចដ៏ខ្លាំង (strong magnetic field) ហើយទាញដៃភ្ជាប់ចរន្ត (armature) ចុះក្រោម ដើម្បីភ្ជាប់បន្ទះលោហៈចម្លងចរន្ត បន្ទាប់មក ទើបវាអនុញ្ញាត ឲ្យតង់ស្យុងរត់ចេញក្រៅរីឡែ ដើម្បីបញ្ជាឧបករណ៍អគ្គិសនី ។

រីឡែមាន 3 ប្រភេទដូចជា ៖

  • រីឡែបើក (normally open) : ជាប្រភេទដែលគេប្រើប្រាស់ភាគច្រើន ។ ដៃភ្ជាប់ចរន្ត (armature) ភ្ជាប់ចរន្ត នៅពេលរបុំត្រូវបានផ្ដល់ថាមពល (coil is energized) ទៅឲ្យសៀគ្វី ឬគ្រឿងបង្គុំអគ្គិសនី
  • រីឡែបិទ (normally closed) : ជាធម្មតា ដៃភ្ជាប់ចរន្តត្រូវបានភ្ជាប់ ហើយវានឹងផ្ដាច់ចរន្តវិញ ដើម្បីបិទសៀគ្វី ឬគ្រឿងទទួល (turn OFF a circuit) នៅពេលដែលរីឡែទទួលថាមពល (relay is energized)
  • រីឡែមុខងារពីរ (dual relay) : រីឡែប្រភេទនេះ មានផ្លូវមួយបញ្ចូន ថាមពលអគ្គិសនី នៅពេលរីឡែបិទ និងផ្លូវមួយទៀតនៅពេលរីឡែបើក ។

រថយន្តជាច្រើនប្រើរីឡែប្រភេទខុសគ្នា នៅក្នុងសៀគ្វីនីមួយៗ ដូចជា ធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor clutch) ហើយពេលខ្លះ គេប្រើរីឡែមួយបញ្ជាឧបករណ៍ច្រើន ។

automotive relay
automotive relay

នៅពេលរីឡែខូច វានឹចធ្វើឲ្យថាមពលអគ្គិសនី មិនអាចទៅបញ្ជាគ្រឿងទទួល ជាឧទាហរណ៍ នៅពេលរីឡែស្នប់ឥន្ធនៈខូច (fuel pump relay fails) ម៉ាស៊ីននឹងមិនអាចឆេះបានទេ ពីព្រោះគ្មានសំពាធប្រេង ។ ប្រសិនបើ រីឡែកង្ហាររ៉ាដ្យាទ័រខូច (cooling fan relay fails) ម៉ាស៊ីនអាចនឹងកើនកម្ដៅខ្លាំង ពីព្រោះកង្ហារអេឡិចត្រិច (electric cooling fan) មិនដំណើរការ ។ ប្រសិនបើ រីឡែធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ខូច (A/C compressor clutch relay fails) ស្នប់ហ្គាសនឹងមិនភ្ជាប់ ធ្វើឲ្យគ្មានខ្យល់ត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ ។

 ការវិភាគរោគសញ្ញា

ប្រសិនបើគ្រឿងអគ្គិសនី (electrical component) មិនដំណើរការ ជំហ៊ានដំបូង អ្នកគួរតែត្រួតពិនិត្យមើល ប្រព័ន្ធខ្សែភ្លើងរបស់សៀគ្វី (wiring circuit) ដែលផ្ដល់ថាមពលទៅឲ្យគ្រឿងទទួល ។ ចាប់ផ្ដើមឆែកមើលហ្វុយស៊ីប (fuses) ប្រសិនបើមានហ្វុយស៊ីបដាច់ នោះបញ្ហាដែលអាចកើតឡើងមិនមែនតែ ដោយសារហ្វុយស៊ីប ប៉ុន្តែវាអាចជាមានការផ្ទុះសេ (short) ឬ ចរន្តកើនឡើងលើស (electrical overload) នៅក្នុងសៀគ្វី ។ ការផ្លាស់ប្ដូរហ្វុយស៊ីបថ្មី ប្រហែលជាអាចដោះស្រាយបញ្ហាបណ្ដោះអាសន្ន — ហើយប្រសិនបើ ហ្វុយស៊ីបថ្មីនោះ ដាច់ម្ដងទៀតភ្លាមៗ មានន័យថា ប្រព័ន្ធអេឡិចត្រូនិច មានបញ្ហាធ្ងន់ធ្ងរ ដែលតម្រូវឲ្យជួសជុល និងស្វែងរកកំហូច ។

ប្រសិនបើអ្នករកឃើញថា ហ្វុយស៊ីបទាំងអស់គ្មានបញ្ហា ប៉ុន្តែគ្រឿងទទួល មិនទាន់ទទួលថាមពល បន្ទាប់មកត្រូវតែ ត្រួតពិនិត្យមើលរីឡែ (relay) ។ ក្នុងករណីបើអ្នកមានការសង្ស័យថារីឡែខូច ត្រូវប្រើឧបរណ៍ធ្វើតេស្តរីឡែ ឬបង្កើតផ្លូវវាង ឲ្យថាមពលអាចរត់ទៅកាន់គ្រឿងទទួល (bypassing) ។ ប្រសិនបើធ្វើដូចនេះ អាចឲ្យគ្រឿងទទួលដំណើរការ មានន័យថារីឡែខូច ត្រូវធ្វើការផ្លាស់ប្ដូររីឡែថ្មី — ប៉ុន្តែប្រសិន បើគ្រឿងទទួលនៅតែ មិនដំណើរការ ត្រូវត្រួតពិនិត្យមើល ប្រភពផ្ដល់ថាមពល (power supply) និងសៀគ្វីម៉ាសដី (ground circuit) ឬប្រព័ន្ធខ្សែភ្លើង ឬក៏គ្រឿងអគ្គិសនីអាចខូច ។ សិក្សាអំពីដ្យាក្រាមខ្សែភ្លើង (wiring diagram) ដើម្បីតាមដានមើល ថាតើមានថាមពលអគ្គិសនី បញ្ចូនចេញ ពីអាគុយទៅ ឆ្នុកអគ្គិសនី (switches) បន្ទាប់មកទៅកាន់ រីឡែ (relay) ដើម្បីបញ្ជា គ្រឿងទទួលដែរឬទេ ។ ត្រូវប្រើឧបករណ៍ម៉ាល់ទីម៉ែត (multimeter) ដើម្បីធ្វើតេស្ត សៀគ្វីនៅចន្លោះ មណ្ឌលថាមពល (power center) និងខ្សែម៉ាសអាគុយ (battery ground) ។

automotive relay tester
automotive relay tester

វិធីផ្សេងៗទៀតក្នុងការធ្វើតេស្តរីឡែ

ស្ថានភាពផ្សេងៗរបស់រីឡែមួយចំនួន អាចត្រួតពិនិត្យដោយប្រើម៉ាស៊ីនស្កេន (scan tool) ។ អ្នកអាចឆែកមើលស្ថានភាពនៃដំណើរការ ជាឧទាហរណ៍ កង្ហាររ៉ាដ្យាទ័រ (cooling fan) ដោយពឹងផ្អែកលើប្រភេទទិន្នន័យ ទទួលបាន តាមរយះម៉ាស៊ីនស្កេន ។ ប្រសិនបើ ម៉ូឌុលអេឡិចត្រូនិច ឬកុំព្យូទ័រឡាន (PCM) ប្រាប់ថាកង្ហារបើក ប៉ុន្តែមិនមានដំណើរការ ដូច្នេះអ្នកអាចដឹងថា ផ្នែកបញ្ជា គ្រឿងអគ្គិសនីកំពុងធ្វើការ ប៉ុន្តែតង់ស្យុងមិនអាច បញ្ចូនទៅកាន់កង្ហារ ។ ប្រសិនបើម៉ាស៊ីនស្កេន (scan tool) និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន (engine management system) អាចផ្ដល់ការធ្វើតេស្ត ម៉ូទ័រក្នុងកង្ហារ (actuator tests) ដូចនេះអ្នកអាចដំណើរការម៉ូទ័រ ដោយប្រើម៉ាស៊ីនស្កេន ដើម្បីមើលថា តើវាមានដំណើរការ ឬអត់ ។

រីឡែ (relay) ក៏អាចត្រួតពិនិត្យមើលដោយប្រើ អូមម៉ែត (ohmmeter) — ឆែកមើលថា ប្រសិនរបុំខាងក្នុងរីឡែ និងបន្ទះលោហៈបញ្ចូនចរន្ត មានដំណើរការឬទេ នៅពេលរបុំ ត្រូវបានផ្ដល់ថាមពល ។ តាមគោលការណ៍ របុំរបស់រីឡែភាគច្រើន គួរមានរង្វាស់ចាប់ពី 40 – 80 ohms — ប៉ុន្តែត្រូវមើលខ្នាតមាឌដ្ឋានរបស់រីឡែ (specification) ។ ប្រសិនបើរ៉េស៊ីស្តង់ (resistance) មានតម្លៃខ្ពស់ជាងធម្មតា របុំអាចនៅមានដំណើរការ ប៉ុន្តែដើរខុសប្រក្រតី ឬវាមិនដំណើរការ នៅពេលមាន ចរន្តអគ្គិសនីធំ ។ ប្រសិនបើរបុំ (coil) គ្មានរ៉េស៊ីស្តង់ វាត្រូវបានឆ្លងភ្លើង ឬខូច តម្លៃរ៉េស៊ីស្តង់នេះនឹងប្រាប់អ្នកថា របុំបើក ។ ត្រូវផ្លាស់ប្ដូររីឡែថ្មី !

 ការផ្លាស់ប្ដូររីឡែ

ប្រសិនបើរីឡែខូច វាត្រូវតែផ្លាស់ប្ដូរជាមួយគ្រឿងបន្លាស់ត្រឹមត្រូវ ។ រីឡែពីរប្រភេទខុសគ្នា អាចមើលពីខាងក្រៅ ហាក់បីជាដូចគ្នាទាំងស្រុង ប៉ុន្តែផ្នែកខាងក្នុងអាចនឹងខុសគ្នា ។ ផ្លាស់ប្ដូររីឡែ ដែលខុសគ្រឿងបន្លាស់ដើម អាចធ្វើឲ្យរីឡែបន្តខូច ឬខូចមុនអាយុ ។

ដើម្បីដឹងអំពីប្រភេទរីឡែដើម អ្នកត្រូវយោងលើឯកសាររោងចក្រផលិតរថយន្ត ឬលេខកូដគ្រឿងបន្លាស់ពីរោងចក្រ ។

មិនត្រូវដក ឬតំឡើងរីឡែ នៅពេលសៀគ្វីអគ្គិសនីកំពុងទទួលថាមពល បើមិនដូច្នោះទេ តង់ស្យុងកើនឡើង នឹងធ្វើឲ្យរីឡែខូច ឬគ្រឿងអគ្គិសនីខូច ។ អ្នកគួរលាបប្រេងដែលមិនចម្លងចរន្ត (dielectric grease) ទៅលើជើងរីឡែ (terminal) ការពារការដុះស្នឹម ឬភាពច្រេះ ។

How To Test A Relay


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Unknown's avatar

Author: electrodockhmer

I'm an mechanical engineer

One thought on “Relay”

Leave a comment

Design a site like this with WordPress.com
Get started