ការងារជាមួយម៉ាស៊ីនហាយព្រីត

អាគុយហាយព្រីត (High-Voltage Battery)
ជាគោលការណ៍ រថយន្តហាយព្រីត (Hybrid Cars) ដែលមានរបៀបបរម៉ាស៊ីន ដោយប្រព័ន្ធបរអេឡិចត្រិចពេញលេញ (full electric driving mode) ប្រើប្រាស់ អាគុយហាយព្រីត ដែលវាមានតង់ស្យុងខ្ពស់ជាង រថយន្តហាយព្រីតទាំងឡាយណា ដែលមានប្រព័ន្ធបរអេឡិចត្រិច មិនពេញលេញ ។ ជាឧទាហរណ៍ អាគុយហាយព្រីត ដែលបានបំពាក់ក្នុងឡានម៉ូដែល Honda Civic Hybrid មានតង់ស្យុង 144 V ។ រថយន្តហាយព្រីតពីក្រុមហ៊ុនតូយូតា ជំនាន់ទី1 របស់ម៉ូដែល Toyota Prius (2001-2003) មានតង់ស្យុង 273.6 V ចំណែកតឯរថយន្តជំនាន់ទី2 ម៉ូដែល Toyota Prius (2004-2008) មានតង់ស្យុង 201.6 V ។ ឡានរបស់ក្រុមហ៊ុនហ្វត ម៉ូដែល Ford Escape Hybrid មានតង់ស្យុងរហូតដល់ 330 V ។ រោងចក្រផលិតឡាន Porsche មានគំរោង Mission-E កំពុងអភិវឌ្ឍន៍ និងផលិតរថយន្ត Porsche ប្រើប្រព័ន្ធ ហាយព្រីត ដែលមានតង់ស្យុង រហូតដល់ 800 V ។
តង់ស្យុង នៅក្នុងអាគុយហាយព្រីតជាច្រើន (hybrid batteries) អាចធ្វើឲ្យមាន គ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមានការឆក់ចរន្តអគ្គិសនី (lethal shock) ។ អាគុយហាយព្រីត ជាប្រភេទអាគុយ មានចរន្តជាប់ (Direct Current [DC]) ។ កម្រិតតង់ស្យុងរបស់ចរន្តជាប់ ដែលអាចធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ចាប់ពី 55 – 60 V បើប្រៀបធៀបជាមួយចរន្តឆ្លាស់ (Alternate Current [AC]) ដែលមានតង់ស្យុងចាប់ពី 110 V ។ ចំណែកឯអាគុយឡាន 12 V (starter battery) គ្មានគ្រោះថ្នាក់អំពីការឆក់ ចរន្តអគ្គិសនី ប៉ុន្តែតង់ស្យុងរបស់ប្រព័ន្ធ បញ្ឆេះឡាន (igniting system) មានតង់ស្យុងខ្ពស់ ដែលអាចធ្វើឲ្យអ្នក អាចឆក់ខ្សែភ្លើង ។

តើអាគុយហាយព្រីតពិតជាមានគ្រោះថ្នាក់ពិតមែនឬ ?
វាមិនមានគ្រោះថ្នាក់ទេ ប្រសិនបើអ្នកមានបច្ចេកទេស ក្នុងការធ្វើការងារផ្សេងៗ ជាមួយប្រព័ន្ធម៉ាស៊ីនហាយព្រីត និងយល់ដឹង អំពីការការពារ នៃគ្រោះថ្នាក់ បណ្ដាលមកពីការឆក់ចរន្តអគ្គិសនី ។ ត្រូវតែធ្វើការ ដោយយោងតាម ការណែនាំរបស់ រោងចក្រផលិតរថយន្ត ។
សុវត្ថភាពប្រព័ន្ធហាយព្រីត (Hybrid Safety)
ខ្សែភ្លើងរបស់អាគុយហាយព្រីត (high-voltage cables) បំពាក់នៅក្នុងឡាន ជាទូទៅ មានពណ៌កូដសម្គាល់ (color-coded) សម្រាប់ដាសតឿនអ្នក អំពីគ្រោះថ្នាក់ នៃការឆក់ចរន្តអគ្គិសនី ។ ខ្សែភ្លើងអាគុយហាយព្រីតមាន ពណ៌ទឹកក្រូច សូមជៀសវាង ការយកដៃទៅប៉ះពាល់ ខ្សែភ្លើងផ្ទាល់ ប្រសិនបើ មិនទាន់ផ្ដាច់ ចរន្តអគ្គិសនី ។

អាគុយហាយព្រីតទាំងអស់ (hybrid batteries) មានកុងតាក់សុវត្ថភាព ឬឆ្នុកមេកានិច (disconnect mechanism) ប្រើសម្រាប់ផ្ដាច់ អាគុយ ពីប្រព័ន្ធអេឡិចត្រូនិចឡាន (electrical system) ។ ទីតាំងរបស់កុងតាក់សុវត្ថភាពអាគុយ (safety switch) ត្រូវមើលសៀវភៅ ប្រើប្រាស់ឡាន (owner’s manual) ឬ សួរអ្នកជំនាញការ ប្រព័ន្ធហាយព្រីត ។
អ្នកគួរតែពាក់ស្រោមដៃក្រាស់ ប្រើសម្រាប់ការពារចរន្តអគ្គិសនី ត្រូវត្រួតពិនិត្យមើល ស្រោមដៃការពារ ប្រសិនមានប្រហោង ឬការរហែក ដែលធ្វើឲ្យតង់ស្យុងរត់ប៉ះ ដៃដោយចៃដន្យ ។
បន្ទាប់មក ត្រូវប្រាកដថា ម៉ាស៊ីនឡានបិទ ដកសោឡានចេញ ទើបធ្វើការជួសជុល និង ធ្វើការងារផ្សេងៗ ។ រឿងមួយទៀតដែលអ្នកត្រូវដឹង គឺត្រូវរង់ចាំ 15 នាទី បន្ទាប់ការផ្ដាច់ចរន្តអគ្គិសនី ពីអាគុយហាយព្រីត មុនពេលធ្វើការជួសជុល ។ កាប៉ាស៊ីតេរបស់តង់ស្យុង (high-voltage capacitors) នៅខាងក្នុង ឧបករណ៍ បំលែងតង់ស្យុង (inverter) ត្រូវការពេលវេលា ដើម្បីបញ្ចេញចោលថាមពលរបស់វា ។
ការងារជាមួយប្រព័ន្ធហាយព្រីត
មានចំនុចមួយចំនួនជួយអ្នក ឲ្យអាចសម្គាល់ថាឡានមួយបានបំពាក់ប្រព័ន្ធហាយព្រីត ៖
- ពាក្យ Hybrid មានបិទនៅផ្នែកខាងក្រៅឡាន
- ពាក្យ Hybrid មាននៅលើគម្របម៉ាស៊ីន
- ខ្សែភ្លើងពណ៌ទឹកក្រូច មាននៅក្នុងឃ្លុបម៉ាស៊ីន
រឿងសំខាន់ដែលអ្នកត្រូវដឹង ៖
- ការអូសទាញ (towing) : នៅពេលឡានខូចតាមផ្លូវ អ្នកមិនអាចអូសឡាន ដោយឲ្យកង់ឡានវិល ពីព្រោះ ម៉ូទ័រអគ្គិសនី មានមុខងារជាអ្នកផ្គត់ផ្គង់ចរន្ត (motor/generator) ហើយវានឹងបង្កើតចរន្ត ប្រសិនបើឡានវិលកង់ ។ ដូច្នេះ ត្រូវប្រើឡានស្ទូច ឬប្រើរម៉ក់ដឹកឡានទៅហ្គារាសជួសជុល ។
- នៅក្នុងបន្ទាប់បាញ់ថ្នាំ (paint booth chamber) : ប្រសិនបើអ្នកបាញ់ថ្នាំឡាន មិនត្រូវចតឡាន នៅក្នុងបន្ទប់បាញ់ថ្នាំយូពេកទេ សីតុណ្ហភាពនៅក្នុងឡាន កើនឡើងខ្លាំង ធ្វើឲ្យអាគុយហាយព្រីតខូច (damage hybrid battery) ។
- ប្រើម៉ាស៊ីនស្កេនរបស់រោងចក្រ (factory scan tool) : មានសកម្មភាព មួយចំនួន តម្រូវអ្នបច្ចេកទេសឡាន ប្រើម៉ាស៊ីនស្កេន បញ្ចូលកម្មវិធីឡើងវិញ បន្ទាប់ពី ការជួសជុល ឬ ផ្លាស់ប្ដូរអាគុយហាណព្រីតថ្មី ។
របៀបដោះអាគុយហាយព្រីត (High-Voltage Battery Disconnection)
សម្រាប់ឡានម៉ូដែល Toyota Prius ជំនាន់ទី1 ត្រូវបើកទ្វាឃ្លុបក្រោយ ដោះខ្សែដែលស្ថិត នៅផ្នែកកែងខាងឆ្វេងចេញ ទាញខ្សែភ្លើង ពណ៌ទឹកក្រូច ចេញពីឆ្នុក ។

សម្រាប់ម៉ូដែលឡាន Toyota Prius (2004) រោងចក្រផលិតឡានតូយ៉ូតា និយាយថា ដំបូងត្រូវដោះខ្សែប៉ូលដក (negative cable) របស់អាគុយឡាន 12 V (starter battery) ដែលស្ថិតនៅឃ្លុបក្រោយ (trunk) ។ ដោះសន្ទៈក្រោយឡានចេញ (floor panel) ផ្ដាច់ចរន្តអគ្គិសនី ពីអាគុយ 12 V បន្ទាប់មក ចាប់ផ្ដើមដោះឆ្នុកខ្សែអាគុយហាយព្រីត (ត្រូវពាក់ស្រោមដៃក្រាស់ ការពារការឆក់ចរន្តអគ្គិសនី) ។ ប្រសិនបើអ្នក ត្រូវដោះ ឬ ធ្វើការផ្លាស់ប្តូរហ្វុយស៊ីប (fuse) វាស្ថិតនៅខាងស្ដាំ ខាងស្ដាំ ឆ្នុកភ្ជាប់អាគុយ ។
ចំពោះឡានម៉ូដែល Ford Escape Hybrid ត្រូវដាក់លេខមកចំនុច P ដោះសោចេញ ពីឡាន មានន័យថាបិទប្រព័ន្ធហាយព្រីត (hybrid system) ប៉ុន្តែមិនមិនមានន័យថា វាត្រូវបានផ្ដាច់ចរន្តចេញពី អាគុយហាយព្រីតនោះទេ ។

បើករន្ធមូល មានគម្រាប ពណ៌ទឹកក្រូច នៅផ្នែកខាងក្រោយឡាន (tailgate) បន្ទាប់មក ដោះកុងកាក់ ឬឆ្នុកភ្ជាប់ចរន្តចេញពី អាគុយហាយព្រីត ។ ត្រូវពាក់ស្រោមដៃក្រាស់ការពារការឆក់ចរន្តអគ្គិសនី ហើយមួលឆ្នុក តាមទិសផ្ទុយ ទ្រនិចនាឡិការ ដើម្បីទាញវាចេញ ។
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia







