Wiring Diagram

ដ្យាក្រាមខ្សែភ្លើង


How to read an automotive wiring diagram (Porsche 944)

ដ្យាក្រាមខ្សែភ្លើង (wiring diagram)

ដ្យាក្រាមខ្សែភ្លើង (wiring diagram) គឺជាដ្យាក្រាម ដែលបង្ហាញអំពី សញ្ញាគំនូសបំព្រាង ឬប្លង់ខ្សែភ្លើង របស់គ្រឿងបង្គុំអគ្គិសនី ។ ជាទូទៅ នៅក្នុងប្រព័ន្ធអេឡិចត្រូនិចឡាន ដ្យាក្រាមខ្សែភ្លើង បង្ហាញជាប្រភេទ ដ្យាក្រាមសៀគ្វី (circuit diagram)

ដ្យាក្រាមសៀគ្វី មានការបង្ហាញច្បាស់លាស់ណាស់ អំពីសៀគ្វីអគ្គិសនីរថយន្ត ។ ដោយយោងលើ គំនូសបំព្រាង នៃសញ្ញាសៀគ្វី ។ គេបានបង្កើតដ្យាក្រាមខ្សែភ្លើងជា2ប្រភេទដូចជា ៖

  • ដ្យាក្រាមសៀគ្វីគំនូសភ្ជាប់ (circuit diagrams in connected view)
  • ដ្យាក្រាមសៀគ្វីគំនូសផុស (circuit diagrams in exploded view)

នៅក្នុងអត្ថបទមួយនេះ យើងនឹងបង្ហាញអ្នកអំពី ដ្យាក្រាមសៀគ្វីទាំងពីរ ប្រភេទខាងលើ នៃប្រព័ន្ធកង្ហាររ៉ាដ្យាទ័រ (coolant fan) របស់រថយន្តតែមួយ ដើម្បីងាយស្រួល ក្នុងការប្រៀបធៀប ។

  1. ដ្យាក្រាមសៀគ្វីគំនូសភ្ជាប់ (circuit diagrams in connected view)
Circuit Diagram in Connected View (Coolant Fan)
Circuit Diagram in Connected View (Coolant Fan)

ដ្យាក្រាមសៀគ្វីប្រភេទនេះ ជាទូទៅទំហំរបស់គំនូសបំព្រួញ ខ្សែភ្លើងមានកំណត់ណាស់ ។ ដ្យាក្រាមខ្សែភ្លើងដែលមានទំហំធំ ឬដ្យាក្រាមដែលមានគ្រឿងបង្គុំច្រើនតភ្ជាប់គ្នា មិនអាចគូសនៅលើ ដ្យាក្រាមគំនូសភ្ជាប់ (connected view) បានទេ។

គ្រឿងបង្គុំទាំងអស់ មានស៊ិចម៉ាខ្សែ (schematic) ដែលអាចបង្ហាញ និងពន្យល់ជារូបភាព របស់សៀគ្វីអគ្គិសនី ។

  1. ដ្យាក្រាមសៀគ្វីគំនូសផុស (circuit diagrams in exploded view)
Circuit Diagram in Exploded View (Coolant Fan)
Circuit Diagram in Exploded View (Coolant Fan)

សញ្ញារបស់សៀគ្វីអគ្គិសនី ត្រូវបានចាត់ថ្នាក់ ដូចនេះចរន្តផ្នែកផ្សេងៗ អាចងាយស្រួលត្រួតពិនិត្យ និងតាមដាន ។ ដ្យាក្រាមសៀគ្វីគំនូសផុស មានបន្ទាត់ខ្សែត្រង់ (straight line) និងគ្មានចំនុចប្រសព្វ នៃសៀគ្វីដោយឡែកពីគ្នា ។ ជាទូទៅខ្សែប៉ូលបូក (positive lines) និងខ្សែប៉ូលដក (negative lines) ត្រូវបានបង្ហាញជាបន្ទាត់ស្របផ្ដេក (horizontal parallel lines) ។ ចរន្តអគ្គិសនីដោយឡែកៗ នៃផ្នែកនីមួយៗ រត់ឆ្លងកាត់ពីប៉ូលបូក ទៅប៉ូលដក ពីផ្នែកខាងលើ ទៅផ្នែកខាងក្រោម នៃដ្យាក្រាមសៀគ្វីអគ្គិសនី ។

មានវិធី3យ៉ាង សម្រាប់បង្កើតគំនូសបំព្រាង នៃផ្នែកផ្សេងៗ របស់ដ្យាក្រាមសៀគ្វីគំនូសផុស ៖

  • មានលេខរៀងតៗគ្នា ពី 1, 2, 3 … ពីធ្វេងទៅស្ដាំ ដែលជាលេខសម្គាល់ ផ្នែកចរន្តអគ្គិសនី
  • មានការបែងចែកសៀគ្វីជាផ្នែកៗ — ឧ- សៀគ្វីកង្ហាររ៉ាដ្យាទ័រ
  • មានការតភ្ជាប់ លេខរៀង និងឈ្មោះសៀគ្វីអគ្គិសនី (circuit sections)

ដ្យាក្រាមខ្សែភ្លើង ឬដ្យាក្រាមសៀគ្វី អាចត្រួតពិនិត្យមើល ក្នុងទំរង់ងាយ ឬទំរង់រៀបរាប់ ជាមួយនឹងសៀគ្វីផ្នែកខាងក្នុង ដូចជា រីឡែ (relay) ជាដើម ។ វាក៏អាចផ្ដល់ពត៌មានបន្ថែមផងដែរដូចជា ពត៌មាន រន្ធរីឡែ (relay slots) និង ផ្នែកខ្វែងរបស់កុងឌុចទ័រ (conductor cross section) ។

តារាងនៃការប្រៀបធៀបគ្នារវាងសៀគ្វីទាំង២ប្រភេទ

594-T1

ប៉ូលសៀគ្វី 75X នៅក្នុងរូបភាពរបស់ដ្យាក្រាមសៀគ្វីគំនូសផុស (circuit diagrams in exploded view) បង្ហាញអំពីការភ្ជាប់គ្រឿងប្រើប្រាស់អគ្គិសនី (connected consumer) ដែលត្រូវបានបិទ (switched off) ខណៈពេលបញ្ឆេះឡាន ដើម្បីជួយស្រាកអាគុយឡាន (relieve the starter battery) ។

ពត៌មានបន្ថែម និងស្លាកសញ្ញានៃដ្យាក្រាមសៀគ្វីឡាន

ដ្យាក្រាមខ្សែភ្លើងអាចមានប្រភេទខុសៗពីគ្នា អាស្រ័យទៅលើរោងចក្រ ផលិតរថយន្ត ។ វាអាចផ្ដល់ឲ្យអ្នកនូវពត៌មានបន្ថែមជាច្រើន ។

ដ្យាក្រាមខ្សែភ្លើង អាចប្រើប្រាស់សម្រាប់ ស្វែងរកកំហូចផ្សេងៗ នៅក្នុងប្រព័ន្ធអេឡិចត្រូនិចឡាន និងប្រើប្រាស់សម្រាប់ ការតំឡើង ប្រព័ន្ធអេឡិចត្រូនិច ជំនួយបន្ថែម (retrofitting auxiliary equipment) ។ ឧទាហរណ៍៖ ប្រព័ន្ធប្រាប់ទីតាំង (navigation system) និងទូរសព្ទ័ (mobile phones) ។

ដ្យាក្រាមសៀគ្វីខាងក្រោម គឺជាឧទាហរណ៍គំរូ នៃដ្យាក្រាម ប្រព័ន្ធបញ្ជា ប្រអប់លេខអូតូ (automatic gearbox) ។

Additional information and labeling options in circuit diagram
Additional Information and Labeling Options in Circuit Diagrams

ដ្យាក្រាមចរន្តអគ្គិសនី (current diagrams)

ដ្យាក្រាមសៀគ្វី ត្រូវបានប្រើប្រាស់សម្រាប់ ការវិភាគរោគសញ្ញាខុសប្រក្រតី (malfunction diagnostics) នៃប្រព័ន្ធអេឡិចត្រូនិច ឬ នៅក្នុងគ្រឿងបង្គុំអគ្គិសនី (electrical components) ។

ឧទាហរណ៍ខាងក្រោម បង្ហាញពីការវិភាគរោគសញ្ញាខុសប្រក្រតី ដំណើរការក្នុង ប្រព័ន្ធអេឡិចត្រូនិច បញ្ជាប្រអប់លេខ (electrical gearbox control) ដោយប្រើ ដ្យាក្រាមសៀគ្វី (circuit diagram) ។

អ្នកត្រូវតែអនុវត្តន៍តាម ការណែនាំដោយរោងចក្រផលិតរថយន្ត នៅពេលធ្វើការវិភាគរោគសញ្ញា !

596-1
Malfunction Diagnostics Using Circuit Diagram on the Electric Gearbox Control

ចុចទីនេះចូលទៅមើលដ្យាក្រាមភ្លើងនៃប្រព័ន្ធអេឡិចត្រូនិចទាំងអស់របស់រថយន្ត !


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

 

Automotive Electrical Circuits

សៀគ្វីអគ្គិសនីឡាន


automotive wiring repair
automotive wiring repair

រថយន្តអ្នកដំណើរ និងរថយន្តធនធ្ងន់ មានប្រព័ន្ធអគ្គិសនីយ៉ាងទូលំទូលាយ ដែលមានរាប់រយ ប្រព័ន្ធខ្សែភ្លើង និងសៀវគ្វីអគ្គិសនី ។ សៀគ្វីអគ្គិសនី គឺជាផ្នែកមូលដ្ឋាន របស់លំហូរ អេឡិចត្រុង អគ្គិសនី ។ សៀគ្វីអគ្គិសនីត្រូវតែមានទំរង់ជាផ្លូវដែលអាចឲ្យអាំងតង់ស៊ីតេចរន្តអគ្គិសនីហូរឆ្លងកាត់ ។ លំហូរអេឡិចត្រុងត្រូវការផ្លូវ ដើម្បីឲ្យវាត្រលប់មកប្រភពដើមរបស់វាវិញ (អាគុយ ឬ អាល់ទែណាទ័រ) បើមិនដូច្នោះទេ វានឹងមិនមានផ្លូវត្រលប់មកវិញ ។

ប្រភេទសៀគ្វីអគ្គិសនីរថយន្តមាន 2 ប្រភេទ ដែលសំខាន់ ៖

  • សៀគ្វីអគ្គិសនី តជាស៊េរី (series circuit) គឺជាសៀគ្វី ដែលមានគ្រឿង បង្គុំអគ្គិសនី តភ្ជាប់គ្នាពីចុងមួយ ទៅចុងមួយ នៅក្នុងរបៀបជាខ្សែសង្វាក់ ។ លំហូរចរន្តអគ្គិសនីមានផ្លូវតែមួយ ដូចនេះបរិមាណអាំងតង់ស៊ីតេចរន្តអគ្គិសនី ដែលឆ្លងកាត់សៀគ្វីទាំងអស់ មានតំលៃស្មើរគ្នា ឬថេរ ។ ចំនែកឯ រ៉េស៊ីស្តង់ សរុប (total resistance) នៅក្នុងសៀគ្វីតជាស៊េរី គឺស្មើរនឹងផលបូករ៉េស៊ីស្តង់ នីមួយៗ នៃគ្រឿងបង្គុំសៀគ្វីអគ្គិសនី ។ ប្រសិនបើគ្រឿងបង្គុំណាមួយដាច់ខ្សែ ឬខូច នោះវានឹងធ្វើឲ្យគ្រឿងបង្គុំផ្សេងៗទៀត ខូច ឬ មិនដំណើរការ ដោយសារតែ ចរន្តអគ្គិសនី មិនអាច ហូរឆ្លងកាត់ សៀគ្វីអគ្គិសនីទាំងអស់នោះ ។
  • សៀគ្វីអគ្គិសនី តជាខ្នែង (parallel circuit) គឺជាសៀគ្វី ដែលមានគ្រឿងបង្គុំ អគ្គិសនី តភ្ជាប់គ្នាជាខ្នែង ។ បង្គុំអគ្គិសនីប្រភេទនេះ បង្កើតឲ្យមានផ្លូវ ដោយផ្នែកៗ ដើម្បីឲ្យចរន្តអគ្គិសនីងាយស្រួលឆ្លងកាត់ ។ រ៉េស៊ីស្តង់នីមួយៗ នៃបង្គុំអគ្គិសនីជាខ្នែង ត្រូវបានកំណត់ដោយ តង់ស្យុង (voltage drop) និង លំហូរចរន្តអគ្គិសនី (current flow) ដែលឆ្លងកាត់ ផ្នែកទាងអស់នោះ ។ ផលប្រយោជន៍មួយ នៃសៀគ្វីអគ្គិសនី តជាខ្នែង គឺផ្នែកផ្សេងៗ នៃសៀគ្វីអគ្គិសនី អាចដំណើរការ ដោយឯករាជ ឬ មិនជាប់ទាក់ទងគ្នា ។ ប្រសិនបើសៀគ្វីអគ្គិសនី ឬគ្រឿងបង្គុំមួយខូច វាមិនត្រូវបានរំខានដល់ គ្រឿងបង្គុំអគ្គិសនីផ្សេងៗទៀតទេ ។

នៅក្នុងរថយន្ត សៀគ្វីអគ្គិសនីមួយចំនួន ត្រូវបានតភ្ជាប់គ្នា នៃគ្រឿងបង្គុំអគ្គិសនីជា ស៊េរី និងជាខ្នែង ដែលបង្គុំនេះហៅថា សៀគ្វីអគ្គិសនីតជា ស៊េរីខ្នែង (series-parallel electrical circuit) ។ សៀគ្វីប្រភេទមួយនេះ មានផ្នែកមួយចំនួន ចរន្តអគ្គិសនី រត់កាត់ គ្រឿងទទួល ជាស៊េរី និងផ្នែកខ្លះទៀតជាខ្នែង ។

Basic Circuit Types
Basic Circuit Types

ការដោះស្រាយបញ្ហា និងស្វែងរកកំហូចផ្សេងៗ នៅក្នុងសៀគ្វីអគ្គិសនីរថយន្ត ត្រូវការ ឧបករណ៍វាស់ តង់ស្យុង (volts), អំពែរ (amps) និង អូម (ohms) ។ មូលដ្ឋានគ្រិះ នៃការវាស់ទំហំ 3 ប្រភេទទំហំ ដែលប្រើក្នុងការ ពណ៌នាបញ្ហាផ្សេងៗ នៅខាងក្នុង សៀគ្វីអគ្គិសនី ។

វ៉ុល (VOLTS)

តង់ស្យុង (voltage) គឺជាភាពខុសគ្នា នៅក្នុងប៉ូតង់ស្យែលអគ្គិសនីរវាងចំនុចពីរ ឬ ជា បរិមាណកំលាំង ជំរុញឲ្យចរន្តអគ្គិសនីហូរឆ្លងកាត់គ្រឿងទទួល ។ គេហៅវាថាជា កំលាំង ជំរុញអគ្គិសនី (Electromotive Force or EMF) ។ វាប្រៀបដូចជា សំពាធ នៃកំលាំង បំណែនខ្យល់ ដែលហូរក្នុងបំពង់ខ្យល់ ប៉ុន្តែជំនួសឲ្យការវាស់សំពាធជា ទំងន់ 1ផោន / 1អ៊ីញការរ៉េ (pounds per square inch or PSI) – តង់ស្យុងវាស់ជា វ៉ុល (volts) ។

អ្នកអាចវាស់តង់ស្យុង ដោយប្រើ វ៉ុលម៉ែតឌីជីថល ឬ អាណាឡូក (digital or analog voltmeter) ។ សំរាប់ឡានទំនើប គេតំរូវប្រើវ៉ុលម៉ែតឌីជីថល ពីព្រោះវ៉ុលម៉ែតឌីជីថល អាចវាស់កំរិតតង់ស្យុង ទាបជាង 0.1 volts

តាំងពីពាក់កណ្តាលឆ្នាំ 1950 ប្រព័ន្ធអេឡិចត្រូនិច របស់រថយន្តអ្នកដំណើរ និង រថយន្តធនធ្ងន់ទាំងអស់ ប្រើតង់ស្យុង 12 V ។ ប្រព័ន្ធអេឡិចត្រូនិចទាំងអស់ មានខ្សែម៉ាស់ ឬខ្សែដី (Negative (-) ground) ភ្ជាប់ជាមួយតួរថយន្ត ហើយជាធម្មតា វាប្រើសម្រាប់តភ្ជាប់ដី (ground connection) ។

ខ្សែអាគុយប៉ូលដក (battery negative cable (-)) ត្រូវបានភ្ជាប់ ជាមួយលោហៈ ក្រោម តួរថយន្ត (metal body or chassis) ហើយប៉ូលបូករបស់ អាគុយ ( battery positive cable (+)) ត្រូវបានភ្ជាប់ជាមួយ ផ្នែកថាមពល នៃសៀគ្វីអគ្គិសនីរថយន្ត និងប្រព័ន្ធសាកអាគុយ (charging system) ។

សែនស័រ (sensors) មួយចំនួន និងម៉ូឌុលបញ្ជាអេឡិចត្រូនិច ប្រើតង់ស្យុងទាបណាស់ ជាធម្មតា 5 V ប៉ុន្តែ របុមបញ្ឆេះម៉ាស៊ីន (ignition coils) បង្កើតតង់ស្យុងខ្ពស់ណាស់ ប្រមាណជា ពី 5000 ទៅ 35,000 V ដើម្បីឲ្យ ឆ្នុកផ្លេក (spark plug) បង្កើតផ្កាភ្លើង បញ្ឆេះ ម៉ាស៊ីន ។

រថយន្តហាយព្រីត (hybrid vehicles) ប្រើអាគុយដែលមានតង់ស្យុងខ្ពស់ ពី 140 – 300 V ទៅអូសម៉ូទ័រអគ្គិសនីនៅក្នុងឡាន នឹងបង្កើតប្រភពអគ្គិសនី សំរាប់ប្រព័ន្ធបរ ដោយអេឡិចត្រូនិច (electric drive) ។

Honda Hybrid Engine
Honda Hybrid Engine

ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើការ ឬជួសជុលប្រព័ន្ធម៉ាស៊ីនហាយព្រីត ដែលវាមានកូដខ្សែពណ៌ ទឹកក្រូច ហើយមិនត្រូវប៉ះពាល់ របុមបញ្ឆេះម៉ាស៊ីន (ignition coils) ឬ ខ្សែភ្លើងឆ្នុកផ្លេក (spark plug wire) នៅពេលម៉ាស៊ីន កំពុងឆេះ ឬដំណើរការ ដើម្បីបញ្ជៀសគ្រោះថ្នាក់នៃការឆក់ចរន្តអគ្គិសនី ។ ការឆក់ចរន្តអគ្គិសនីដែលចេញពី ឆ្នុកផ្លេក (spark plug) គឺគ្រោះថ្នាក់បំផុត ប៉ុន្តែវាមិនបណ្តាលឲ្យមនុស្សស្លាប់ទេ ព្រោះ អាំងតង់ស៊ីតេចរន្ត បញ្ចេញមកពីប្រភពដើមតូច (current [amperage] is low) ។ ប៉ុន្តែការឆក់ចរន្តអគ្គិសនី ចេញពីម៉ាស៊ីនហាយព្រីត អាចបណ្តាលឲ្យមនុស្សស្លាប់ ។

អំពែរ (AMPS)

អាំងតង់ស៊ីតេចរន្ត គឺជាចំនួន ឬបរិមាណអេឡិចត្រុង ដែលហូរឆ្លងកាត់ អង្គធាតុចម្លង ឬ  សៀគ្វីអគ្គិសនី ។ វាជារង្វាស់បរិមាណ ឬមាឌ ដែលត្រូវបានបញ្ជាក់ខ្នាតមួយ ហៅថា អំពែរ (amperes) ។ វាមានភាពស្រដៀងជាមួយនឹងបំពង់ខ្យល់ ដែលមាន មាឌខ្យល់ 1 ម៉ែតគូប (m3 ) ហូរឆ្លងកាត់ក្នុងរយៈពេល 1 នាទី ។ 1 A ស្មើរនឹង 6.3 លានមួយរយកោដិ អេឡិចត្រុង (1 A = 6.3 million trillion electrons (6.3 with 18 zeros after it) ដែលឆ្លងកាត់ចំនុចមួយ ក្នុងរយៈពេល 1 វិនាទី ។ នោះជាចំនួន អេឡិចត្រុងដ៏ច្រើន ប៉ុន្តែនៅក្នុងសៀគ្វីអគ្គិសនីរថយន្ត មានអាំងតង់ស៊ីតេ ចរន្តអគ្គិសនីតូច ។

អំពែរត្រូវបានវាស់ដោយ ឧបករណ៍ឈ្មោះ អំពែរម៉ែត (ammeter) ឬ ក៏អាចប្រើ ម៉ាល់ទីម៉ែត (multimeter)

ហ្វុយស៊ីប (fuses) ត្រូវបានប្រើសំរាប់ការពារ សៀគ្វីអគ្គិសនី ពីការផ្ទុកហួសប្រមាណ នៃចរន្តអគ្គិសនី ដែលបណ្តាលឲ្យកំដៅកាន់ឡើងខ្លាំង ។ ហ្វុយស៊ីបត្រូវបានចាត់ថ្នាក់ យោងទៅតាមទំហំអំពែរ ដែលវាអាច ទទួលយកបាន។ នៅពេលដែល ដាច់ហ្វុយស៊ីប (fuse blow) គឺវាបញ្ឈប់ចរន្តអគ្គិសនីហូរឆ្លងកាត់ សៀគ្វី ។ ហ្វុយស៊ីបដាច់ គឺបង្ហាញ ប្រាប់ថា សៀគ្វីផ្ទុកចរន្តលើសហួសហេតុ ឬមានកំហូច ដូចជា ការផ្ទុះសេ (short circuit) បណ្តាលឲ្យចរន្តលើសពីតំរូវការ ហូរឆ្លងកាត់សៀគ្វី ។

Automotive Fuses
Automotive Fuses

បម្រាម ប្រសិនបើ ហ្វុយស៊ីបដាច់ ត្រូវប្តូរវាថ្មី ដោយជ្រើសរើសទំហំអំពែរដូចគ្នា ជាមួយ នឹងហ្វុយស៊ីបដើម មិនត្រូវប្តូរហ្វុយស៊ីបថ្មី ដែលមានទំហំអំពែរធំ ជាងរបស់ដើម គឺវាអាច ធ្វើឲ្យសៀគ្វី ឬគ្រឿងទទួលអគ្គិសនី កាន់កំដៅខ្លាំង ឈានទៅរកការខូចខាត ។

 អូម (Ohms)

រ៉េស៊ីស្តង់អគ្គិសនី គឺជាការផ្ទុយគ្នា ពីលំហូរចរន្តអគ្គិសនី ឬការឃាំងបង្អាក់ លំហូរអេឡិចត្រុង ។ រ៉េស៊ីស្តង់ត្រូវបានវាស់ ដោយទំហំគិតជា អូម (ohms) ។ គេប្រៀបធៀបវា ទៅនឹងលំហូរខ្យល់ នៅក្នុងបំពង់ខ្យល់ ដែលគេអាចកាត់បន្ថយ បរិមាណខ្យល់ ដោយបន្ថយមុខកាត់ ឬ អង្កត់ផ្ចិតបំពង់ខ្យល់ ឬ យកម្រាមដៃ ទៅបិទភ្ជិតវា ។ អាំងតង់ស៊ីតេចរន្តអគ្គិសនី រត់ឆ្លងកាត់ខ្សែភ្លើង ដែលអាចកាត់បន្ថយ ចរន្តអគ្គិសនីនោះ ដោយប្រើរ៉េស៊ីស្តង់ ។ រ៉េស៊ីស្តង់អាចបង្កើតដោយ ការផ្លាស់ប្តូរ សមាសភាព នៃសម្ភារៈមួយ ដោយការបន្ថយទំហំរបស់ខ្សែភ្លើង (ខ្សែភ្លើងតូច មានរ៉េស៊ីស្តង់ធំ ជាងខ្សែភ្លើងធំ)  ឬដោយ ការបន្ថែមកំដៅ (heat increases resistance) ។

រ៉េស៊ីស្តង់ត្រូវបានវាស់ ដោយអូមម៉ែត (ohmmeter) ឬប្រើ ម៉ាល់ទីម៉ែត (multimeter)

បម្រាម មិនត្រូវវាស់រ៉េស៊ីស្តង់ (ohms) នៅក្នុងសៀគ្វី ដែលកំពុងមានតង់ស្យុង ដែលវា អាចធ្វើឲ្យខូចអូមម៉ែត ។ រ៉េស៊ីស្តង់អាចវាស់បាន នៅពេលចរន្តអគ្គិសនី ត្រូវបានផ្តាច់ ។

រូបមន្តច្បាប់អូម (OHMS LAW)

Ohms Law
Ohms Law

តង់ស្យុង 1 V ស្មើរនឹង បរិមាណកំលាំង ដែលត្រូវការដើម្បីជំរុញឲ្យចរន្ត 1 A ឆ្លងកាត់ សៀគ្វី ជាមួយរ៉េស៊ីស្តង់ 1 ohm ។  បាតុភូតនេះ គឺជាច្បាប់អូម ដែលត្រូវបាន ដាក់ឈ្មោះ តាមអ្នកវិទ្យាសាស្ត្រដែលបានស្រាវជ្រាវ និងបង្កើត រូបមន្តច្បាប់អូមនេះ ដំបូងគេបង្អស់ ។ ច្បាប់អូមត្រូវបានបញ្ជាក់ដោយវិធីជាច្រើន ។

V (Volts) = I (Apms) x R (Ohms)

ការយល់ដឹងអំពីច្បាប់អូម និងទំនាក់ទំនងរវាង វ៉ុល – អូម និង អំពែរ គឺជាកូនសោរ ដើម្បី ទៅស្វែងយល់ អំពីចរន្តអគ្គិសនី និងអ្វីៗដែលកើតឡើងនៅក្នុងសៀគ្វីអគ្គិសនី របស់ឡាន ។


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Electrical Circuit Problems

បញ្ហាទូទៅនៅក្នុងសៀគ្វីអគ្គិសនីឡាន


Automotive Electrical System Repair
Automotive Electrical System Repair

ផ្ទុះសេ (shorts) គឺជាប្រភេទនៃកំហូច ដែលវាអាចកើតឡើង ប្រសិនបើចរន្តអគ្គិសនី រត់ឆ្លងកាត់ សៀគ្វីអគ្គិសនី ដែលមិនអាចឆ្លងកាត់ទៅ គ្រឿងទទួលអគ្គិសនី  ហើយចរន្តបន្ត ស្វែងរកផ្លូវ ទៅម៉ាសដី (ground) ។ បាតុភូតនេះអាចកើតឡើង ដោយសារខ្សែភ្លើង ប៉ះទង្គិចជាមួយគែមវត្ថុស្រួច ហើយភ្ជាប់ទៅម៉ាសដី ឬក៏អ៊ីសូឡង់ខ្សែ ដាច់ទៅប៉ះគ្នា ដែលធ្វើឲ្យចរន្តអគ្គិសនី នៅក្នុងខ្សែភ្លើងមួយអាច រត់ទៅប៉ះចរន្តអគ្គិសនី នៅក្នុងខ្សែភ្លើងមួយទៀត ។ ការផ្ទុះសេចរន្តអគ្គិសនី អាចបណ្តាលឲ្យ ចរន្តរត់ចេញទៅក្រៅ ព្រោះ សៀគ្វីអគ្គិសនីត្រូវបាន កាត់បន្ថយរ៉េស៊ីស្តង់  ហើយវានឹងធ្វើឲ្យដាច់ខ្សែភ្លើង ដោយសារកំដៅ កើនឡើងខ្លាំង ដែលវាអាចធ្វើ ឲ្យអ៊ីសូឡង់ខ្សែ ឆាបឆេះឡើង ។ ផ្ទុះសេចរន្តអគ្គិសនី ជាធម្មតាវានឹង បណ្តាលឲ្យសៀគ្វីដាច់ហ្វុយស៊ីប (blown fuse) ។

ចំនាំ ៖ ប្រសិនបើសៀគ្វីមួយដាច់ហ្វុយស៊ីប ហើយហ្វុយស៊ីប ដែលទើបធ្វើការផ្លាស់ប្តូរ ត្រូវបានដាច់ភ្លាមៗ មានន័យថាសៀគ្វីនោះ មានការឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង ។

  • ការឆ្លងចរន្តអគ្គិសនី (intermittent shorts) អាចកើតមានឡើងនៅពេលដែល ខ្សែភ្លើងប៉ះទង្គិចគ្នា ជាលទ្ធិផលដោយសារ សីតុណ្ហភាពកើនឡើង ដែលលោហៈ នៅក្នុងខ្សែចម្លង រីកមាឌ ហើយប៉ះគ្នា ឬ ក៏ដោយសារ រំញ័រពីប្រព័ន្ធម៉ាស៊ីន ។ ដើម្បីស្វែងរក កន្លែងដែលឆ្លងចរន្ត ឬ ផ្ទុះសេ នៅក្នុងឡាន គឺជារឿងពិបាក ។ ខ្សែភ្លើងដែលស្ថិតនៅ ទីតាំងមានចលនា និងផ្នែកកម្រើក ការបាញ់ខ្យល់ក្តៅ ទៅលើខ្សែគឺជារឿងចាំបាច់ ក្នុងការភ្ជិតអ៊ីសូឡង់ខ្សែឡើងវិញ ដើម្បីការពារ ការឆ្លងចរន្តអគ្គិសនី ។ ការឆ្លងចរន្ត អាចជួសជុលបាន ដោយរុំបង់ស្អិតប្លាស្ទិច លើខ្សែភ្លើង ឬផ្លាស់ប្តូរខ្សែថ្មី ។
  • ការដាច់ចរន្តអគ្គិសនី (opens circuit) គឺជាប្រភេទនៃ កំហូចមួយដែលអាចមាន នៅក្នុងសៀគ្វីអគ្គិសនី ។ ការដាច់ចរន្ត គឺមានន័យថា ខ្សែភ្លើងដាច់ដែលមិនអាច ធ្វើឲ្យចរន្តរត់ឆ្លងកាត់ ឬ គ្រឿងទទួលអគ្គិសនីខូច ។ ការដាច់ចរន្ត មិនធ្វើឲ្យដាច់ ហ្វុយស៊ីបទេ ប៉ុន្តែវាធ្វើឲ្យសៀគ្វី ឬ គ្រឿងទទួលអគ្គិសនី មិនដំណើរការ ។ ការដាច់ចរន្ត កើតឡើងនៅពេល មានខ្សែភ្លើងដាច់ (wire breaks), ឆ្នុកភ្លើងខូច ឬរបូត, មានការច្រេះស៊ី នៃផ្នែកខាងក្នុងឆ្នុកអេឡិចត្រូនិច ដែលវាធ្វើឲ្យ រ៉េស៊ីស្តង់ខ្សែ កាន់ឡើង នឹងបន្តទៅធ្វើឲ្យចរន្ត អគ្គិសនីពិបាកឆ្លងកាត់ ។
  • ការផ្ទុកចរន្តអគ្គិសនីលើសកម្រិត (overloads) គឺស្ថានភាពមួយ ដែលអាចកើតឡើង នៅក្នុងសៀគ្វីអគ្គិសនី នៅពេលដែល ម៉ូទ័រអគ្គិសនី ឬ គ្រឿងអគ្គិសនី មួយចំនួន ទទួលលក្ខខណ្ឌ័ដំណើរការ មិនប្រក្រតី ដែលបង្កឲ្យចរន្តអគ្គិសនីកើន ឡើង លើសតំរូវការ ។ ជាឧទាហរណ៍ ម៉ូទ័រផ្លិតទឹកកញ្ចក់ឡាន ត្រូវបានជាប់គាំង ដោយសារមានព្រិលធ្លាក់ខ្លាំង ពេលនោះ ម៉ូទ័រមានប្រតិបត្តិការមិនប្រក្រតី បណ្តាលឲ្យចរន្តអគ្គិសនី ផ្ទុកលើសកម្រិត ។ ការកើនឡើង ឬផ្ទុកចរន្តអគ្គិសនី លើសកម្រិត នៅក្នុងម៉ូទ័រអគ្គិសនី នឹងធ្វើឲ្យដាច់ហ្វុយស៊ីប ។

បញ្ហាទូទៅមួយចំនួននៅក្នុងសៀគ្វីអគ្គិសនីឡាន

បញ្ហាទូទៅដែលបង្កឲ្យមានកំហូចសៀគ្គីអគ្គិសនីឡានដូចជា មានខ្សែភ្លើងដាច់ ឬ ខ្សែអាគុយមានច្រេះ ឬដុះស្នឹម ។ ឆ្នុក និងដំណរខ្សែមិនល្អ វាធ្វើឲ្យអាគុយបញ្ចូន អាំងតង់ស៊ីតេចរន្តអគ្គិសនី មិនបានល្អ ទៅឲ្យគ្រឿងទទួលអគ្គិសនីរថយន្ត ។ និយាយត្រលប់មកវិញ គឺវាធ្វើឲ្យម៉ូទ័របញ្ឆេះឡាន (starter) មិនអាចបញ្ឆេះ ឬ បញ្ឆេះមិនស្រួល ។ ការដាច់ខ្សែ ឬរបូតខ្សែអាគុយ ឬដុះស្នឹម នៅប៉ូលអាគុយ  អាចធ្វើឲ្យ អាល់ទែណាទ័រ (alternator)  មិនអាចសាកអាគុយឲ្យពេញ ធ្វើឲ្យអាគុយអស់ថាមពល និងឆាប់ខូច ។

Battery Terminal Corrosion
Battery Terminal Corrosion

បញ្ហាផ្សេងទៀតមានដូចជា សៀគ្វីស្នប់ប្រេងឥន្ធនៈ (fuel pump circuit) មានខ្សែម៉ាសដីមិនល្អ (poor ground connection) ។ ពេលខ្សែភ្លើង មានអាយុចាស់ អាចធ្វើឲ្យដំណរខ្សែ  ចម្លងចរន្តអគ្គិសនីមិនល្អ រ៉េស៊ីស្តង់ខ្សែកើនឡើង ធ្វើឲ្យចរន្តអគ្គិសនី ពិបាកឆ្លងកាត់សៀគ្វី របស់ស្នប់ប្រេង ។ បញ្ហានេះធ្វើឲ្យស្នប់ប្រេង មានដំណើរការមិន ប្រក្រតី បូមប្រេងឥន្ធនៈ យឺតជាងធម្មតា ដែលបង្កឲ្យ មាឌប្រេងឥន្ធនៈ និងសំពាធធ្លាក់ចុះ នឹងបន្តធ្វើឲ្យម៉ាស៊ីន បាត់បង់ថាមពល និងមានដំណើរការមិនស្រួល ។

ប្រភពថាមពលអគ្គិសនី ដែលមានតង់ស្យុងធ្លាក់ចុះ ឬប្រព័ន្ធសាកអាគុយ ផ្តល់តង់ស្យុង មិនគ្រប់គ្រាន់ បង្កឲ្យម៉ូឌុលបញ្ជា ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ របស់ឡាន (vehicle’s electronic control modules) ខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ម៉ូឌុលបញ្ជាអេឡិចត្រូនិច មួយចំនួន នឹងមានដំណើរការមិនប្រក្រតី ប្រសិនបើ វាមិនបានទទួលតង់ស្យុងគ្រប់ 12 V ពីប្រភពថាមពល (power supply) ។ និយាយត្រលប់មកវិញ វានឹងធ្វើឲ្យកំលាំងម៉ាស៊ីនធ្លាក់ចុះ  (driveability problem) ។

សៀគ្វីអគ្គិសនីដុះស្នឹម ឬមានច្រេះ ដែលធ្វើឲ្យរ៉េស៊ីស្តង់កើនឡើង នៅក្នុងសៀគ្វី។ ភាពច្រេះ នៅក្នុងសៀគ្វីឡាន បណ្តាលមកពីសំណើម និងអុកស៊ីតកម្ម ដែលធ្វើឲ្យ ឆ្នុកអេឡិចត្រូនិច និងប៉ូលអគ្គិសនី (electrical connectors and terminals) ពិបាកចម្លង ចរន្តអគ្គិសនី នៅក្នុងប្រព័ន្ធអេឡិចត្រូនិចឡាន ។ នេះជាមូលហេតុ ដែលក្រុមហ៊ុន ផលិតរថយន្តមិនធានាលើ ប្រព័ន្ធអេឡិចត្រូនិច ជាមួយនឹងរថយន្ត ដែលបានលិចទឹក និង ការបើកបរក្នុងទឹកជំនន់ ។

រំញ័រក៏ជាបញ្ហាមួយ នៅក្នុងប្រព័ន្ធអេឡិចត្រូនិចរថយន្ត ។ ចលនារបស់បររថយន្ត  លើផ្លូវរលាក់ខ្លាំង និងរំញ័រពីម៉ាស៊ីនចំហេះក្នុង ធ្វើឲ្យឆ្នុកអេឡិចត្រូនិច ភ្ជាប់ជាមួយ ខ្សែភ្លើង មិនអាចចម្លងចរន្តអគ្គិសនីបានល្អ ។ ក្នុងរយៈពេលយូទៅៗ រំញ័រនឹងធ្វើឲ្យសៀគ្វី និងឆ្នុកអេឡចត្រូនិច មានបញ្ហាដោយសារ ការរលុង និងការដាច់ចរន្តអគ្គិសនី ។

ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ

តង់ស្យុងអគ្គិសនីធ្លាក់ចុះ (voltage drop) កើតឡើងនៅពេល ចរន្តអគ្គិសនី រត់ឆ្លងកាត់ គ្រឿងទទួលនៅក្នុងសៀគ្វី ។ រ៉េស៊ីស្តង់កើតឡើងដោយសារ ឧបករណ៍អគ្គិសនី ធ្វើឲ្យតំលៃតង់ស្យុងធ្លាក់ចុះ ដែលវាអាចគណនា បានដោយរូបមន្តច្បាប់អូម (Ohm Law) ប្រសិនបើអ្នកយល់អំពី រ៉េស៊ីស្តង់ នៃឧបករណ៍អគ្គិសនី និងលំហូរចរន្តអគ្គិសនី ។
VOLTAGE DROP = RESISTANCE x CURRENT

Performing Voltage Drop Tests with Digital Multimeter

អ្នកអាចវាស់តំលៃតង់ស្យុងធ្លាក់ចុះ នៅក្នុងសៀគ្វី ឬឆ្លងកាត់ដំណរខ្សែចម្លង ដោយប្រើ វ៉ុលម៉ែតឌីជីថល (digital voltmeter) ។ ប៉ូលវ៉ុលម៉ែត (voltmeter’s leads) ត្រូវភ្ជាប់ជាមួយ ផ្នែកទាំងសងខាង នៃសៀគ្វីគ្រឿងទទួលអគ្គិសនី ។ ប្រសិនបើគ្រឿងទទួលអគ្គិសនីមាន ដាច់ចរន្ត ឬមានច្រេះស៊ី វានឹងបង្កើតរ៉េស៊ីស្តង់ នៅក្នុងសៀគ្វី ហើយវាទប់ស្កាត់ លំហូរចរន្តអគ្គិសនី ដែលបណ្តាលឲ្យ តំលៃតង់ស្យុង ធ្លាក់ចុះហួសប្រមាណ ។

Voltage Drop
Voltage Drop

តាមគោលការណ៍ តំលៃតង់ស្យុងធ្លាក់ចុះលើសពី 0.1 V ឆ្លងកាត់ដំណរសៀគ្វី ដែលមានតង់ស្យុងតូច ឬអាំងតង់ស៊ីតេចរន្តតូច មានន័យថាវាមានបញ្ហា ។ សៀគ្វីអគ្គិសនីទាំងឡាយណា ដែលទទួលយកតង់ស្យុង ឬអាំងតង់ស៊ីតេចរន្តធំ (តង់ស្យុងខាងក្រៅសៀគ្វី ក្នុងប្រពន្ធ័សាកអាគុយ) អាចអនុញ្ញាតឲ្យ មានតំលៃតង់ស្យុង ធ្លាក់ដល់ 0.5 V ប៉ុន្តែបើតំលៃនោះត្រឹម 0.1 V ឬតិចជាងនេះ គឺជារឿងដែលល្អបំផុត ។

ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ (voltage drop) គឺជាមធ្យោបាយ ដែលមានប្រសិទ្ធិភាព ដើម្បីបង្ហាញបញ្ជាក់បានយ៉ាងលឿន អំពីបញ្ហាផ្សេងៗ នៃប្រព័ន្ធសៀគ្វីអគ្គិសនីរថយន្ត ដូចជា ឆ្នុកអេឡិចត្រូនិច (ឌុយ) រលុង ឬរបូត ឬមានច្រេះ ឬមានបញ្ហាខ្សែភ្លើង និងកុងតាក់ផ្សេងៗ ។ល។

ដ្យាក្រាមខ្សែភ្លើង

រោងចក្រផលិតរថយន្ត បានបោះពុម្ពឯកសារ ដ្យាក្រាមខ្សែភ្លើង (wiring diagram) សម្រាប់ប្រភេទសៀគ្វីអគ្គិសនីទាំងអស់ របស់រថយន្ត ដែលពួកគេបានផលិត ។ ដ្យាក្រាមទាំងអស់នោះអាចទទួលបានពី វេបសាយបច្ចេកទេសឡានរបស់រោងចក្រ (Vehicle Manufacturer Technical Websites) ឬអាចរកបានពីប្រភពផ្សេងៗទៀត នៃសេវាកម្មក្រោយការលក់ (aftermarket) ដូចជា AlldataDIY អ្នកអាចត្រូវចំណាយ ថវិការបន្តិចបន្ទួច ដើម្បីទិញយកទិន្នន័យផ្សេងៗ ជាពិសេសដ្យាក្រាមខ្សែ ដែលវាជាផែនទីមួយ ដ៏មានប្រសិទ្ធិភាព ក្នុងការស្វែងរក កំហូចផ្សេងៗ នៃប្រព័ន្ធអេឡិចត្រូនិចឡាន ។ មានដ្យាក្រាមខ្សែភ្លើង អ្នកនឹងអាចរកកំហូចផ្សេងៗ នៃប្រព័ន្ធអេឡិចត្រូនិចឡាន បានយ៉ាងត្រឹមត្រូវ និងមានភាពងាយស្រួលជួសជុល ។

Wiring Diagram Ford F250 Charging Circuit
Wiring Diagram Ford F250 Charging Circuit

ដ្យាក្រាមខ្សែភ្លើង (wiring diagram) ប្រើសញ្ញា (symbols) ដើម្បីសម្គាល់សមាសភាគ នៃសៀគ្វីអគ្គិសនីនានា ។ សៀគ្វីមួយចំនួន ដែលដាច់ពីគ្នា ជាធម្មតាប្រើលេខ ដើម្បីសម្គាល់ (numbered) និងខ្សែភ្លើងទាំងអស់ ប្រើកូដពណ៌ (color-coded) ក្នុងការកំណត់ អត្តសញ្ញាណ ។ នៅពេលមាន កូដពីរពណ៌នៅក្នុងខ្សែភ្លើងតែមួយ មានន័យថា ខ្សែមានឆ្នូត ពីរពណ៌ ដើម្បីបញ្ជាក់ប្រភេទខ្សែ ។

How to read an automotive wiring diagram (Porsche 944)


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Design a site like this with WordPress.com
Get started