Relay

កុងតាក់បញ្ជាចរន្ត


មណ្ឌលថាមពល-2

តើរីឡែធ្វើការដូចម្ដេច ?

រីឡែ (relay) គឺជាប្រភេទកុងតាក់ ដែលប្រើចរន្តអគ្គិសនីតូច (small electrical current) ទៅបញ្ជាចរន្តធំ នៅក្នុងសៀគ្វីទី2 (second circuit) ។ រីឡែគឺជាផ្លូវបញ្ចូនថាមពលអគ្គសិនីទៅសៀគ្វី និងគ្រឿងទទួល នៅពេលគេ បញ្ជាឲ្យគ្រឿងអគ្គិសនីដំណើរការ ។

រីឡែ (relay) ត្រូវបានប្រើប្រាស់សម្រាប់ គ្រឿងបង្គុំអគ្គិសនី ដែលទទួលចរន្តធំ មានដូចជា ភ្លើងបំភ្លឺក្បាលឡាន (headlights), ឧបករណ៍កាត់អាប់កញ្ចក់ក្រោយឡាន (rear window defogger), ស្នប់ឥន្ធនៈ (fuel pump), ធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor clutch), កង្ហាររ៉ាដ្យាទ័រ (cooling fan), កង្ហារម៉ាស៊ីនត្រជាក់ (A/C blower fan), ប្រព័ន្ធការពារជាប់ហ្រ្វាំង (ABS system), សៀគ្វីបញ្ឆេះឡាន (ignition circuit), ថាមពលបើកបង្អួច កៅអី និងសំលេងត្រែ (power windows, seats and horn) ។

រីឡែ (relay) មានរាងជាប្រអប់ចតុកោណ ដែលស្រោបដោយជ័រប្លាស្ទិច ឬពេលខ្លះស្រោបដោយលោហៈ ។ នៅផ្នែកខាងក្នុងរីឡែមាន របុំម៉ាញ៉េទិច (magnet coil), ដៃភ្ជាប់ចរន្ត (armature) និងបន្ទះលោហៈចម្លងចរន្ត (contact points) ។ រីឡែ (relay) អាចមានជើងបួន ឬជើងប្រាំ (four or five spade terminals) នៅផ្នែកខាងក្រោម និងរីឡែស្រោបដោយជ័រអ៊ីសូឡង់ ដែលមានបិទប្លង់ខ្សែភ្លើង (simple wiring schematic) ឬបោះពុម្ពប្លង់ខ្សែភ្លើង ជាប់លើសំបករីឡែតែម្តង ។

នៅពេលតង់ស្យុងបញ្ចូនទៅ របុំផ្នែកខាងក្នុងរីឡែ របុំ (coil) នឹងបង្កើតដែន ម៉ាញ៉េទិចដ៏ខ្លាំង (strong magnetic field) ហើយទាញដៃភ្ជាប់ចរន្ត (armature) ចុះក្រោម ដើម្បីភ្ជាប់បន្ទះលោហៈចម្លងចរន្ត បន្ទាប់មក ទើបវាអនុញ្ញាត ឲ្យតង់ស្យុងរត់ចេញក្រៅរីឡែ ដើម្បីបញ្ជាឧបករណ៍អគ្គិសនី ។

រីឡែមាន 3 ប្រភេទដូចជា ៖

  • រីឡែបើក (normally open) : ជាប្រភេទដែលគេប្រើប្រាស់ភាគច្រើន ។ ដៃភ្ជាប់ចរន្ត (armature) ភ្ជាប់ចរន្ត នៅពេលរបុំត្រូវបានផ្ដល់ថាមពល (coil is energized) ទៅឲ្យសៀគ្វី ឬគ្រឿងបង្គុំអគ្គិសនី
  • រីឡែបិទ (normally closed) : ជាធម្មតា ដៃភ្ជាប់ចរន្តត្រូវបានភ្ជាប់ ហើយវានឹងផ្ដាច់ចរន្តវិញ ដើម្បីបិទសៀគ្វី ឬគ្រឿងទទួល (turn OFF a circuit) នៅពេលដែលរីឡែទទួលថាមពល (relay is energized)
  • រីឡែមុខងារពីរ (dual relay) : រីឡែប្រភេទនេះ មានផ្លូវមួយបញ្ចូន ថាមពលអគ្គិសនី នៅពេលរីឡែបិទ និងផ្លូវមួយទៀតនៅពេលរីឡែបើក ។

រថយន្តជាច្រើនប្រើរីឡែប្រភេទខុសគ្នា នៅក្នុងសៀគ្វីនីមួយៗ ដូចជា ធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor clutch) ហើយពេលខ្លះ គេប្រើរីឡែមួយបញ្ជាឧបករណ៍ច្រើន ។

automotive relay
automotive relay

នៅពេលរីឡែខូច វានឹចធ្វើឲ្យថាមពលអគ្គិសនី មិនអាចទៅបញ្ជាគ្រឿងទទួល ជាឧទាហរណ៍ នៅពេលរីឡែស្នប់ឥន្ធនៈខូច (fuel pump relay fails) ម៉ាស៊ីននឹងមិនអាចឆេះបានទេ ពីព្រោះគ្មានសំពាធប្រេង ។ ប្រសិនបើ រីឡែកង្ហាររ៉ាដ្យាទ័រខូច (cooling fan relay fails) ម៉ាស៊ីនអាចនឹងកើនកម្ដៅខ្លាំង ពីព្រោះកង្ហារអេឡិចត្រិច (electric cooling fan) មិនដំណើរការ ។ ប្រសិនបើ រីឡែធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ខូច (A/C compressor clutch relay fails) ស្នប់ហ្គាសនឹងមិនភ្ជាប់ ធ្វើឲ្យគ្មានខ្យល់ត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ ។

 ការវិភាគរោគសញ្ញា

ប្រសិនបើគ្រឿងអគ្គិសនី (electrical component) មិនដំណើរការ ជំហ៊ានដំបូង អ្នកគួរតែត្រួតពិនិត្យមើល ប្រព័ន្ធខ្សែភ្លើងរបស់សៀគ្វី (wiring circuit) ដែលផ្ដល់ថាមពលទៅឲ្យគ្រឿងទទួល ។ ចាប់ផ្ដើមឆែកមើលហ្វុយស៊ីប (fuses) ប្រសិនបើមានហ្វុយស៊ីបដាច់ នោះបញ្ហាដែលអាចកើតឡើងមិនមែនតែ ដោយសារហ្វុយស៊ីប ប៉ុន្តែវាអាចជាមានការផ្ទុះសេ (short) ឬ ចរន្តកើនឡើងលើស (electrical overload) នៅក្នុងសៀគ្វី ។ ការផ្លាស់ប្ដូរហ្វុយស៊ីបថ្មី ប្រហែលជាអាចដោះស្រាយបញ្ហាបណ្ដោះអាសន្ន — ហើយប្រសិនបើ ហ្វុយស៊ីបថ្មីនោះ ដាច់ម្ដងទៀតភ្លាមៗ មានន័យថា ប្រព័ន្ធអេឡិចត្រូនិច មានបញ្ហាធ្ងន់ធ្ងរ ដែលតម្រូវឲ្យជួសជុល និងស្វែងរកកំហូច ។

ប្រសិនបើអ្នករកឃើញថា ហ្វុយស៊ីបទាំងអស់គ្មានបញ្ហា ប៉ុន្តែគ្រឿងទទួល មិនទាន់ទទួលថាមពល បន្ទាប់មកត្រូវតែ ត្រួតពិនិត្យមើលរីឡែ (relay) ។ ក្នុងករណីបើអ្នកមានការសង្ស័យថារីឡែខូច ត្រូវប្រើឧបរណ៍ធ្វើតេស្តរីឡែ ឬបង្កើតផ្លូវវាង ឲ្យថាមពលអាចរត់ទៅកាន់គ្រឿងទទួល (bypassing) ។ ប្រសិនបើធ្វើដូចនេះ អាចឲ្យគ្រឿងទទួលដំណើរការ មានន័យថារីឡែខូច ត្រូវធ្វើការផ្លាស់ប្ដូររីឡែថ្មី — ប៉ុន្តែប្រសិន បើគ្រឿងទទួលនៅតែ មិនដំណើរការ ត្រូវត្រួតពិនិត្យមើល ប្រភពផ្ដល់ថាមពល (power supply) និងសៀគ្វីម៉ាសដី (ground circuit) ឬប្រព័ន្ធខ្សែភ្លើង ឬក៏គ្រឿងអគ្គិសនីអាចខូច ។ សិក្សាអំពីដ្យាក្រាមខ្សែភ្លើង (wiring diagram) ដើម្បីតាមដានមើល ថាតើមានថាមពលអគ្គិសនី បញ្ចូនចេញ ពីអាគុយទៅ ឆ្នុកអគ្គិសនី (switches) បន្ទាប់មកទៅកាន់ រីឡែ (relay) ដើម្បីបញ្ជា គ្រឿងទទួលដែរឬទេ ។ ត្រូវប្រើឧបករណ៍ម៉ាល់ទីម៉ែត (multimeter) ដើម្បីធ្វើតេស្ត សៀគ្វីនៅចន្លោះ មណ្ឌលថាមពល (power center) និងខ្សែម៉ាសអាគុយ (battery ground) ។

automotive relay tester
automotive relay tester

វិធីផ្សេងៗទៀតក្នុងការធ្វើតេស្តរីឡែ

ស្ថានភាពផ្សេងៗរបស់រីឡែមួយចំនួន អាចត្រួតពិនិត្យដោយប្រើម៉ាស៊ីនស្កេន (scan tool) ។ អ្នកអាចឆែកមើលស្ថានភាពនៃដំណើរការ ជាឧទាហរណ៍ កង្ហាររ៉ាដ្យាទ័រ (cooling fan) ដោយពឹងផ្អែកលើប្រភេទទិន្នន័យ ទទួលបាន តាមរយះម៉ាស៊ីនស្កេន ។ ប្រសិនបើ ម៉ូឌុលអេឡិចត្រូនិច ឬកុំព្យូទ័រឡាន (PCM) ប្រាប់ថាកង្ហារបើក ប៉ុន្តែមិនមានដំណើរការ ដូច្នេះអ្នកអាចដឹងថា ផ្នែកបញ្ជា គ្រឿងអគ្គិសនីកំពុងធ្វើការ ប៉ុន្តែតង់ស្យុងមិនអាច បញ្ចូនទៅកាន់កង្ហារ ។ ប្រសិនបើម៉ាស៊ីនស្កេន (scan tool) និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន (engine management system) អាចផ្ដល់ការធ្វើតេស្ត ម៉ូទ័រក្នុងកង្ហារ (actuator tests) ដូចនេះអ្នកអាចដំណើរការម៉ូទ័រ ដោយប្រើម៉ាស៊ីនស្កេន ដើម្បីមើលថា តើវាមានដំណើរការ ឬអត់ ។

រីឡែ (relay) ក៏អាចត្រួតពិនិត្យមើលដោយប្រើ អូមម៉ែត (ohmmeter) — ឆែកមើលថា ប្រសិនរបុំខាងក្នុងរីឡែ និងបន្ទះលោហៈបញ្ចូនចរន្ត មានដំណើរការឬទេ នៅពេលរបុំ ត្រូវបានផ្ដល់ថាមពល ។ តាមគោលការណ៍ របុំរបស់រីឡែភាគច្រើន គួរមានរង្វាស់ចាប់ពី 40 – 80 ohms — ប៉ុន្តែត្រូវមើលខ្នាតមាឌដ្ឋានរបស់រីឡែ (specification) ។ ប្រសិនបើរ៉េស៊ីស្តង់ (resistance) មានតម្លៃខ្ពស់ជាងធម្មតា របុំអាចនៅមានដំណើរការ ប៉ុន្តែដើរខុសប្រក្រតី ឬវាមិនដំណើរការ នៅពេលមាន ចរន្តអគ្គិសនីធំ ។ ប្រសិនបើរបុំ (coil) គ្មានរ៉េស៊ីស្តង់ វាត្រូវបានឆ្លងភ្លើង ឬខូច តម្លៃរ៉េស៊ីស្តង់នេះនឹងប្រាប់អ្នកថា របុំបើក ។ ត្រូវផ្លាស់ប្ដូររីឡែថ្មី !

 ការផ្លាស់ប្ដូររីឡែ

ប្រសិនបើរីឡែខូច វាត្រូវតែផ្លាស់ប្ដូរជាមួយគ្រឿងបន្លាស់ត្រឹមត្រូវ ។ រីឡែពីរប្រភេទខុសគ្នា អាចមើលពីខាងក្រៅ ហាក់បីជាដូចគ្នាទាំងស្រុង ប៉ុន្តែផ្នែកខាងក្នុងអាចនឹងខុសគ្នា ។ ផ្លាស់ប្ដូររីឡែ ដែលខុសគ្រឿងបន្លាស់ដើម អាចធ្វើឲ្យរីឡែបន្តខូច ឬខូចមុនអាយុ ។

ដើម្បីដឹងអំពីប្រភេទរីឡែដើម អ្នកត្រូវយោងលើឯកសាររោងចក្រផលិតរថយន្ត ឬលេខកូដគ្រឿងបន្លាស់ពីរោងចក្រ ។

មិនត្រូវដក ឬតំឡើងរីឡែ នៅពេលសៀគ្វីអគ្គិសនីកំពុងទទួលថាមពល បើមិនដូច្នោះទេ តង់ស្យុងកើនឡើង នឹងធ្វើឲ្យរីឡែខូច ឬគ្រឿងអគ្គិសនីខូច ។ អ្នកគួរលាបប្រេងដែលមិនចម្លងចរន្ត (dielectric grease) ទៅលើជើងរីឡែ (terminal) ការពារការដុះស្នឹម ឬភាពច្រេះ ។

How To Test A Relay


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Fuse

ហ្វុយស៊ីប


Power Center
Power Center

មណ្ឌលថាមពល

មណ្ឌលថាមពល (power center) គឺជាប្រអប់ហ្វុយស៊ីប (fuses box) ដែលផ្ទុក ថាមពលអគ្គិសនី ឆ្លងកាត់ទៅសៀគ្វី និងគ្រឿងអគ្គិសនី នៃប្រព័ន្ធអេឡិចត្រូនិចឡាន ។ មណ្ឌលថាមពលរបស់ឡាន គឺជាបេះដូងរបស់ ប្រព័ន្ធអេឡិចត្រូនិចទាំងមូល (entire electrical system) ។ អ្នកអាចប្រើប្រអប់ហ្វុយស៊ីបនោះ ដើម្បីត្រួតពិនិត្យ ឆែកមើលតង់ស្យុង របស់សៀគ្វីអគ្គិសនី ឆែកមើលរ៉េស៊ីស្តង់ ដំណើរការ ប្រព័ន្ធអេឡិចត្រូនិច បញ្ជាម៉ាស៊ីនឡាន ។

រថយន្តទំនើបនាពេលបច្ចុប្បន្ន បានអភិវឌ្ឍន៍មណ្ឌលថាមពល មានលក្ខណៈ ជាប្រអប់ហ្វុយស៊ីប ជាមួយបណ្ដុំរីឡែ (relays) និងហ្វុយស៊ីប (fuses) ដែលស្ថិតនៅ ក្នុងប្រអប់ជ័រមួយ ឬពីរ ហើយមានបិទសញ្ញាសម្គាល់ ប្រភេទហ្វុយស៊ីប និងរីឡែទាំងអស់នោះ ។

មណ្ឌលថាមពល (power center) ផ្តល់ឲ្យអ្នកបច្ចេកទេសឡាន នូវភាពងាយស្រួល ក្នុងការវិភាគរោគសញ្ញាផ្សេងៗ នៃប្រព័ន្ធអេឡិចត្រូនិច ។

ប្រអប់ហ្វុយស៊ីប ជាប្រអប់ជ័រមានរាងបួនជ្រុង ជាមួយនឹងគម្រប ដែលអាច ដោះចេញបាន ហើយស្ថិតនៅក្នុងឃ្លុបម៉ាស៊ីន (engine compartment) ។ ប្រសិនអ្នកមិនអាចរកវាឃើញ សូមមើលសៀវភៅប្រើប្រាស់រថយន្ត (vehicle owner’s manual) ។

រថយន្តមួយចំនួន ត្រូវបានបំបែកប្រអប់ហ្វុយស៊ីបជាពីរទីតាំង ដែលមានទីតាំងទី1 នៅក្នុងឃ្លុបម៉ាស៊ីន និងទីតាំងទី2 នៅខាងក្នុងឡានស្ថិតនៅក្រោមតាប្លូកុងទ័រ (instrument cluster) ដែលផ្ទុកដោយប្រភេទហ្វុយស៊ីប ដែលទទួលចរន្តតូចៗ ទៅគ្រឿងអគ្គិសនី មានដូចជា វិទ្យុ (radio), ថាមពលបញ្ជាកៅអី (power seats), បង្អួច (windows), ថាមពលត្រែ (horn), ភ្លើងបំភ្លឺផ្នែកខាងក្នុង (interior lights) ។ល។

fuse panel inside the vehicle
fuse panel inside the vehicle

ចំណែកឯ ប្រភេទហ្វុយស៊ីបដែលផ្ទុកចរន្តធំ ឆ្លងកាត់មណ្ឌលថាមពល (power center) គឺស្ថិតនៅប្រអប់ហ្វុយស៊ីបផ្នែកខាងក្រៅ ។

នៅពេលអ្នកបើកគម្របប្រអប់ហ្វុយស៊ីប អ្នកនឹងឃើញហ្វុយស៊ីប និងរីឡែ ជាច្រើនផ្សេងៗពីគ្នា និងខុសៗពីគ្នា ដែលមានមុខងារការពារ និងត្រួតពិនិត្យ ប្រព័ន្ធអេឡិចត្រូនិចរថយន្ត ។ ប្រភេទហ្វុយស៊ីប និងរីឡែ គឺត្រូវបញ្ជាក់ដោយ ស្លាកសញ្ញាបិទនៅក្នុងគម្របប្រអប់ហ្វុយស៊ីប ។ ប្រសិនបើអ្នកមិនឃើញស្លាកសញ្ញានោះទេ ត្រូវស្វែងរកឯកសាររបស់រថយន្ត ដូចជាសៀវភៅប្រើប្រាស់ ឬឯកសារជួសជុលរបស់រោងចក្រ ។

តើហ្វុយស៊ីបធ្វើការយ៉ាងដូចម្ដេច ?

ហ្វុយស៊ីប (fuse) គឺជាប្រដាប់ការពារសៀគ្វីអគ្គិសនី (circuit protection) ។ រថយន្តផលិតតាំងពីឆ្នាំ 1980 ប្រើប្រាស់ហ្វុយស៊ីបប្រភេទ មានខ្សែក្នុងបំពង់កែវ (hollow glass tube) ។ ចំណែករថយន្តទំនើប ផលិតឡើងនាពេលសព្វថ្ងៃ គេប្រើហ្វុយស៊ីបសំប៉ែត ស្រោបប្លាស្ទិចថ្លា (blade transparent plastic fuses) ។ ប្រភេទហ្វុយស៊ីបទទាំងពីរនេះ មានខ្សែលោហៈ ស្ថិតនៅផ្នែកខាងក្នុងដូចគ្នា ផលិតឡើងដើម្បី រំលាយផ្ដាច់ចរន្តអគ្គិសនី ប្រសិនបើចរន្តកើនឡើង ហួសប្រមាណ ឆ្លងកាត់ហ្វុយស៊ីប ។

tipm.final-860x9999

នៅពេលដាច់ហ្វុយស៊ីប (fuse “blows”) សៀគ្វីអគ្គិសនីបើក (circuit open) ហើយវាបញ្ឈប់លំហូរចរន្តអគ្គិសនី ដើម្បីការពារសៀគ្វីអគ្គិសនី បង្កដោយចរន្ តកើនឡើងលើសតម្រូវការ (overload) ដែលវាអាចធ្វើឲ្យ ខូចគ្រឿងអគ្គិសនី និងអាចធ្វើឲ្យមានភ្លើងឆេះ ។

ហ្វុយស៊ីបខ្នាតតូច (mini-fuses) ត្រូវបានប្រើជាមួយសៀគ្វីអគ្គិសនី ទាំងឡាយណា ដែលអាចទទួលយកចរន្តពី 20 – 30 A ។ ហ្វុយស៊ីបខ្នាតធំ (maxi-fuses) ប្រើជាមួយសៀគ្វីអគ្គិសនី ដែលអាចផ្ទុកចរន្តអគ្គិសនីចាប់ពី 40 -120 A ។ លេខសម្គាល់នៅលើហ្វុយស៊ីប ជាតម្លៃចរន្តអតិបរមា របស់ហ្វុយស៊ីប (maximum amp rating) ។

ហ្វុយស៊ីបដាច់ (blown fuse) អាចសម្គាល់បានដោយ ការដកហ្វុយស៊ីបចេញពីប្រអប់ ហើយត្រួតពិនិត្យមើលផ្ទាល់ ។ ប្រសិនបើខ្សែខាងក្នុងហ្វុយស៊ីបដាច់ នោះជាពេលត្រូវផ្លាស់ប្ដូរហ្វុយស៊ីបថ្មី ដែលមានលេខសម្គាល់ចរន្តដូចគ្នា ជាមួយហ្វុយស៊ីបដើម ។

បម្រាម ៖ មិនត្រូវផ្លាស់ប្តូរហ្វុយស៊ីបថ្មី ដែលលេខចរន្តអគ្គិសនីធំជាងហ្វុយស៊ីបដើម ។ បើមិនដូច្នោះទេ សៀគ្វីអគ្គិសនីនឹងខូចខាត ឬបង្កឲ្យមានភ្លើងឆេះ (circuit damage) ។ មិនត្រូវដក/ដាក់ ហ្វុយស៊ីប នៅពេលសៀគ្វីអគ្គិសនី កំពុងដំណើរការ ។

ស្តង់ដាកូដពណ៌ហ្វុយស៊ីប 

Standard Fuse Amperage Rating and Color
Fuse rating Mini fuses Standard fuses Maxi fuses Cartridge maxi fuses Fuse link cartridge
2 A Grey Grey _ _ _
3 A Violet Violet _ _ _
4 A Pink Pink _ _ _
5 A Tan Tan _ _ _
7.5 A Brown Brown _ _ _
10 A Red Red _ _ _
15 A Blue Blue _ _ _
20 A Yellow Yellow Yellow Blue Blue
25 A Natural Natural _ _ _
30 A Green Green Green Pink Pink
40 A _ _ Orange Green Green
50 A _ _ Red Red Red
60 A _ _ Blue _ Yellow
70 A _ _ Tan _ Brown
80 A _ _ Natural _ Black

(Grey = ពណ៌ប្រផេះ, Violet = ពណ៌ស្វាយ, Pink = ពណ៌ផ្កាឈូក, Tan = ពណ៌ដាំដែង (ស្បែកមនុស្ស), Brow = ពណ៌ត្នោត, Red = ពណ៌ក្រហម, Blue = ពណ៌ខៀវ, Yellow = ពណ៌លឿង, Green = ពណ៌បៃតង, Natural = ពណ៌សថ្លា)

បញ្ជាក់ ៖ តារាងស្តង់ដាកូដពណ៌ហ្វុយស៊ីប ទទួលបានពីក្រុមហ៊ុនរថយន្តហ្វត (Ford Motor Company)

ឧបកណ៍ផ្សេងៗទៀតប្រើសម្រាប់ការពារសៀគ្វីអគ្គិសនី

ខ្សែហ្វុយស៊ីប (fusible link) គឺជាប្រភេទខ្សែប្រើសម្រាប់ការពារសៀគ្វីអគ្គិសនី (circuit protection device) ដែលវាមានមុខងារដូចជាហ្វុយស៊ីបដែរ (លោហៈនៅក្នុងខ្សែនឹងរលាយផ្ដាច់ចរន្តនៅពេលចរន្តកើនឡើងហួសកម្រិត) ។  ជាធម្មតាយើងអាចតពិនិត្យ រកមើលឃើញចំនុច ដែលខ្សែហ្វុយស៊ីបដាច់ ដោយអ៊ីសូឡង់ខ្សែនឹងរហែកប៉ោងឡើង ។  រថយន្តទំនើបដែលអ្នកប្រើប្រាស់សព្វថ្ងៃ ខ្សែហ្វុយស៊ីប (fusible link) ត្រូវបានប្រើជំនួស ហ្វុយស៊ីបដែលផ្ទុកថាមពលខ្ពស់ (high power fuse) និងវាមានភាពងាយស្រួលជួសជុលឡើងវិញ ។

Fusible Link
Fusible Link

ឧបករណ៍ផ្ដាច់សៀគ្វី (circuit breaker) ក‍៏ជាឧបករណ៍ម្យ៉ាងប្រើសម្រាប់ ការពារសៀគ្វីអគ្គិសនីផងដែរ ។ ឧបករណ៍ប្រភេទនេះ អាចត្រូវបានប្រើប្រាស់ នៅក្នុងប្រព័ន្ធភ្លើងបំភ្លឺក្បាលឡាន (headlights) និងផ្លិតទឹកសម្អាតកញ្ចក់ (wipers) ។ ជំនួសឲ្យការរលាយខ្សែលោហៈផ្ដាច់ចរន្ត នៅពេលវាឡើងកម្ដៅខ្លាំង ឧបករណ៍ផ្ដាច់សៀគ្វី ប្រើបន្ទះលោហៈញ្ញាណកម្ដៅ (heat-sensitive bimetal) និងចំនុចប៉ះលោហៈ (contact point) ទៅចំហសៀគ្វី ប្រសិនបើចរន្តកើនឡើងខ្លាំង ។ បន្ទាប់មក នៅពេលឧបករណ៍ផ្ដាច់សៀគ្វី (circuit breaker) ចុះត្រជាក់វិញ ចំនុចប៉ះលោហៈនឹងបិទឡើងវិញ (re-close) ដើម្បីឲ្យចរន្តអគ្គិសនីឆ្លងកាត់ ។

មានប្រភេទឧបករណ៍ផ្ដាច់សៀគ្វី ដែលមានប៉ូតុងចុច បញ្ជាឲ្យភ្ជាប់ចរន្តឡើងវិញ ។

circuit breaker
circuit breaker

Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Design a site like this with WordPress.com
Get started